ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើម៉ាឡេស៊ី គាំទ្រគម្រោងសាងសង់ខ្សែបញ្ជូន ថាមពលក្រោមសមុទ្រ

រូបភាព ពីសម្តេចនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើរដ្ឋាភិបាល ម៉ាឡេស៊ី គាំទ្រគម្រោង នៃការសាងសង់ខ្សែបញ្ជូន ថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមថៃ ឆ្ពោះទៅសិង្ហបុរី ហើយត្រូវឆ្លងកាត់ព្រំដែន សមុទ្រម៉ាឡេស៊ី ផងដែរ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar_bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ហើយភាគី ម៉ាឡេស៊ី មានជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចធិបតី។

ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី ហើយចាត់ទុក សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏កំពូល នៃប្រទេសកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរ បានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួល ដែលប្រទេសម៉ាឡេស៊ី បានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារ នៅក្នុងប្រទេសម៉ាឡេស៊ី ។

ចំពោះវិស័យសន្តិសុខថាមពល, សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ស្នើសុំកិច្ចគាំទ្រ ពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និងឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី»។

សម្តេចធិបតី បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ី បានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង នូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ៕

To Top