ភ្នំពេញ ៖ លោក សួង ហួត ប្រធានសភា សម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ NACCបាន មើលឃើញថា បច្ចុប្បន្ននេះ គម្រោងវិនិយោគ របស់ចិននៅកម្ពុជា បានបង្កើតការងារដោយផ្ទាល់ជូនប្រជាជនកម្ពុជា ជិតមួយលាន់នាក់ និងដោយប្រយោលប្រមាណ២លាន៥សែននាក់ថែមទៀត ។
ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាងឱ្យ ៦៤សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមានសមាជិកសមាជិកា ប្រមាណ៣សែននាក់ កំពុងបម្រើការងារជាកម្មករ និយោជិត គ្រូបង្រៀន និស្សិតបញ្ញាវន្ត កំពុងបម្រើការនៅក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកថា ចិនគឺជាប្រទេសមួយបានចូល រួមចំណែកផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន ។
លោកបានបន្ថែមថា «ជាការកត់សម្គាល់ យើងឃើញថាប្រទេសចិនបានបោះទុនវិនិយោគជាច្រើននៅកម្ពុជា ដូចជា សំណង់អាគារ ស្ពាន ថ្នល់ រ៉ែ កសិកម្ម ជាពិសេសនៅក្នុងវិស័យ កាត់ដេរសំលៀកបំពាក់ ស្បែកជើងនិងកាបូបគឺ 80%ជាអ្នកវិនិយោគមកពីប្រទេសចិន ហើយបានបង្កើតការងារ ជូនដល់កម្មករខ្មែរ យើងជិតមួយលាននាក់ ដែលបានទទួលផលដោយផ្ទាល់ ក្រៅពីនោះក៏មានប្រជាពលរដ្ឋចំនួន2,5លាន នាក់ដែលទទួលផល ដោយប្រយោល ដូចជា អ្នកលក់ដូរ ម្ចាស់ផ្ទះជួល ឡានដឹកកម្មករ អ្នករត់ម៉ូតូឌុប អ្នកបើកកង់បី អ្នកបើករថយន្តឈ្នួល ។ល។»
យោងតាមរបាយការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កាលពីឆ្នាំ២០២២,ទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា-ចិនសម្រេច បានជាង១១ពាន់លានដុល្លារអាមេរិក ហើយគ្រោងពង្រីកឱ្យកើនដល់១៥ពាន់លានដុល្លារអាមេរិក ឬច្រើនជាងនេះ នៅឆ្នាំ២០២៥ ។ សម្រាប់ការវិនិយោគ ចិនជាប្រទេសដៃគូ ដ៏ធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២២ ទំហំវិនិយោគចិន មានចំនួន១,៥ពាន់លានដុល្លារអាមេរិក ហើយកម្ពុជារំពឹងថា ទំហំវិនិយោគ នឹងកើនឡើងជាបន្តបន្ទាប់ ស្របពេល ដែលកម្ពុជាកំពុងតែយកចិត្តទុកដាក់ ក្នុងការកែលម្អបរិយាកាស ឱ្យកាន់តែអំណោយ ផលដល់ការវិនិយោគពីបរទេស សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើនការងារ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ៕ អត្ថបទដោយវិទ្យុ មិត្តភាពកម្ពុជាចិន