ភ្នំពេញ ៖ ប្រមុខដឹកនាំក្រសួងព័ត៌មានកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្តេជ្ញា រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការងារផ្សព្វផ្សាយព័ត៌មាននិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានផងដែរ។
ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥ ណ្ឌាប្រចាំកម្ពុជា កាលពីសៀលថ្ងៃ៦ កញ្ញា ។ ជំនួបនេះដែរភាគីទាំងពីរបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និងទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ជាមួយទូរទស្សន៍ជាតិរបស់ឥណ្ឌា។
ពាក់ព័ន្ធកិច្ចពិភាក្សាការងារនេះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានប្រាប់លោកស្រីទូតពីកិច្ចការងារអាទិភាពមួយចំនួនរបស់ក្រសួងសម្រាប់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងនោះការធ្វើទំនើបកម្មស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវលិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួង សំដៅសម្រេចឲ្យបានចក្ខុវិស័យធ្វើឲ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម មានគុណភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានស្នើភាគីឥណ្ឌាជួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាលធនធានមនុស្សរបស់មន្ត្រីក្រសួងលើផ្នែកជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយរៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ចូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ធ្វើយ៉ាងណាឲ្យមានសុវត្ថិភាពល្អ និងងាយស្រួលស្វែងរក។
ជាការឆ្លើយតប លោកស្រី Devyani Khobragade ថានឹងធ្វើការពិនិត្យជាមួយផ្នែកពាក់ពន្ធ័នានា ក្នុងការជួយរៀបចំប្រពន្ធ័ឌីជីថលដែលមានភាពងាយស្រួលគ្រប់គ្រង មានសុវត្ថិភាព ធានាគុណភាពល្អរាល់ហ្វីលរូបថតឯកសារសំខាន់ៗរបស់កម្ពុជា តាំងពីមុនៗមក៕