ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី បានចាត់ទុកដំណើរទស្សនកិច្ច របស់ប្រធានរដ្ឋសភាកូរ៉េ នៅកម្ពុជានាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេល ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង និងបានចេញដំណើរ ជាងពីរសប្តាហ៍។

ការបញ្ជាក់នេះធ្វើឡើង ក្នុងជំនួបជាមួយលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបសម្តេច ឃួន សុដារី មានប្រសាសន៍ថា នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើកដំបូង ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន។ ព្រឹត្តិការណ៍នេះ គឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការ យ៉ាងប៉ិនប្រសប់ និងធ្វើការផ្លាស់ប្តូរអំណាច ដោយរលូន។

សម្តេចបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវការគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ និងសមាជិករដ្ឋសភា ជាមេដឹកនាំវ័យក្មេង និងស្វាហាប់។
ក្នុងជំនួបនោះដែរលោក គីម ជីនព្យូ សរសើរពីការដឹកនាំរបស់សម្តេចតេជោដែលជាគ្រឹះដ៏រឹងមាំដល់វឌ្ឍនភាព និងវិបុលភាពនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជា កាន់តែរីកចម្រើននាពេលអនាគត។

ជាមួយគ្នានេះ លោកបានបង្ហាញ ការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ឃួន សុដារីដែលជាស្រ្តីដំបូងគេ កាន់តំណែងជាប្រធានរដ្ឋសភា ក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការដឹកនាំកម្ពុជាឲ្យសម្រេច បានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ហើយរដ្ឋសភាកូរ៉េត្រៀមខ្លួនជាស្រេច នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួ យរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ៕
