ព័ត៌មានជាតិ

បង្ក្រាបឧក្រិដ្ឋជនចិន៣នាក់ ខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជិត៥គីឡូក្រាម

" "

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន៣នាក់ និងខ្មែរម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត ៥គីឡូក្រាម ។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់(ស្រីម្នាក់) និងវត្ថុតាងមួយចំនួន។

" "

ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យ ៤នាក់រួមមាន៖ ១.ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ២.ឈ្មោះ សឿន សៅរិ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ ៣.ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។ ៤.ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។

" "

វត្ថុតាងចាប់យកបានរួមមាន៖ សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម, រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម និងអាវុធខ្លីចំនួន ១ដើម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕

To Top