ព័ត៌មានជាតិ

កូរ៉េជឿជាក់ថា ថ្នាក់ដឹកនាំវ័យក្មេង កម្ពុជាបច្ចុប្បន្ន នឹងប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់

រូបភាពព្រឹទ្ធសភា

ភ្នំពេញ ៖ លោក គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភាកូរ៉េ បង្ហាញការជឿជាក់ថា ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ ចំណូលកម្រិតខ្ពស់ នាឆ្នាំ២០៥០។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នាព្រឹកថ្ងៃ៨ កញ្ញា លោក គីម ជីនផ្យូ បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសង្គម ។

លោកមានជំនឿជឿជាក់ថា កម្ពុជានឹងសម្រេចបានការរីកចម្រើនសេដ្ឋកិច្ចកាន់តែរឹងមាំ និងជោគជ័យគ្រប់ផ្នែកថែមទៀត ដូចដែលបានសម្រេចកាលពីពេលកន្លងមកក្រោមការដឹកនាំ របស់សម្តេចតេជោ ជាមួយនឹងការគាំទ្រពីអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ លោកជឿជាក់ថា «ថ្នាក់ដឹកនាំវ័យក្មេងរបស់កម្ពុជា នាពេលបច្ចុប្បន្ន នឹងនាំកម្ពុជា ធ្វើឲ្យសម្រេចនូវគោល ដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូល កម្រិតខ្ពស់ឆ្នាំ២០៥០»។

លោកប្រធានរដ្ឋសភាកូរ៉េ បានបញ្ជាក់អំពីបំណង របស់រដ្ឋាភិបាល និងសភាកូរ៉េ ក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការល្អ ជាមួយកម្ពុជាកាន់តែរឹងមាំ ដោយចាត់ទុកកម្ពុជាជាដៃគូ សំខាន់ក្នុងក្របខ័ណ្ឌអាស៊ាន-កូរ៉េ និងជាប្រទេសដៃគូ ODA ដ៏សំខាន់ ។ ដើម្បីសម្រេច គោលដៅទាំងនេះ ប្រទេសទាំងពីរត្រូវតែលើកកម្ពស់ទំនាក់ទំនង និងកិច្ចប្រតិបតិ្តការឲ្យកាន់តែស៊ីជម្រៅ តាមរយៈការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ប្រធានរដ្ឋសភាកូរ៉េ បានថ្លែងអំណរគុណកម្ពុជា ដែលបានគាំទ្រសាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ ពិភពលោកនៅឆ្នាំ២០៣០ខាងមុខ នៅទីក្រុង Busan ។ កម្ពុជាជាប្រទេសទី១ក្នុងតំបន់អាស៊ាន ដែលបានផ្តល់ការគាំទ្រដល់សាធារណរដ្ឋកូរ៉េ ហើយការបោះឆ្នោតសម្រេច នៃការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោក នឹងប្រព្រឹតិ្តទៅនៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំនេះ។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានអបអរសាទរ ចំពោះការសម្រេចនូវសមិទ្ធផលសង្គម-សេដ្ឋកិច្ចដ៏ធំធេង របស់សាធារណរដ្ឋកូរ៉េ ។ កម្ពុជាចាត់ទុកការរីកចម្រើន របស់សាធារណរដ្ឋកូរ៉េ ជាការរីកចម្រើនរបស់កម្ពុជា និងជាការរីកចម្រើនរួមរបស់តំបន់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការនាំមក នូវសន្តិភាព សន្តិសុខ ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕

To Top