ព័ត៌មានជាតិ

កូរ៉េ នឹងបន្តជ្រោមជ្រែងកម្ពុជា ឲ្យសម្រេចគោលដៅ ជាយុទ្ធសាស្ត្រ ក្លាយជាប្រទេស មានចំណូល កម្រិតខ្ពស់ ឆ្នាំ២០៥០

ភ្នំពេញ៖ ក្រោយបង្ហាញជំនឿយ៉ាងមុតមាំ ចំពោះអនាគតកម្ពុជា ដែលនឹងក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់នៅមុខ សម្តេចសាយ ឈុំ រួចហើយ លោក គឹម ជីនព្យា(Kim Jin-Pyo) ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ ក៏បានបញ្ជាក់ប្រាប់ សម្ដេចតេជោ ហ៊ុន សែន ថា ភាគីកូរ៉េនឹងបន្តជួយជ្រោមជ្រែង ភាគីកម្ពុជា ដើម្បីសម្រេចគោលដៅ ជាយុទ្ធសាស្ត្រក្លាយជាប្រទេស មានចំណូលកម្រិតខ្ពស់ ឆ្នាំ២០៥០។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ សម្ដេចតេជោ ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក គី ជីនព្យូ ដែលជាមិត្តចាស់ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ ក្នុងនាមជាប្រធានរដ្ឋសភាកូរ៉េ។ ក្នុងនាមជាស្ថាបនិក នៃការតភ្ជាប់ឡើងវិញ ទំនាក់ទំនង កម្ពុជា-កូរ៉េ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសលោក គឹម ជីនព្យូបានរួមចំណែក ក្នុងការដាក់ឲ្យដំណើរ ការគម្រោងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានកម្ចីសម្បទាន EDCF ចាប់តាំងពីឆ្នាំ២០០១ ។

សម្តេចតេជោ ក៏បានលើកឡើង ពីទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ និងថ្លែងអំណរគុណ ចំពោះភាគីមិត្ត ដែលបានជួយកម្ពុជា ក្នុងគ្រាលំបាក រួមទាំងការស្ដារ សេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយសង្គ្រាមស៊ីវិល អស់រយៈពេលជាយូរ ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលាបណ្តុះបណ្តាលបច្ចេកទេស ពិសេសស្ពានមិត្តភាព កម្ពុជា កូរ៉េដែលគ្រោងនឹងសាងសង់ឆ្លង កាត់ទន្លេសាប និងទន្លេមេគង្គ គឺជានិមិត្តរូប នៃសាមគ្គីភាពដ៏អស្ចារ្យ ៕
រូបភាព ព្រឹទ្ធសភា

To Top