ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន ៖ ការពង្រីក ប.ស.ស.ដល់គ្រួសារកម្មករ ជាយុទ្ធសាស្ត្រ ព្រួញ១បាញ់បានសត្វ២

ភ្នំពេញ​ ៖ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ជាបន្ទាន់ ដើម្បីត្រៀមដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ ជាការណែនាំដែលក្រសួង ត្រូវតែធ្វើនៅឆ្នាំ២០២៣នេះ ។

សម្រាប់អ្នកតាមដាន សង្គមមើលឃើញថា គោលនយោបាយថ្មីនេះ ដើម្បីជួយសម្រាលបន្ទុកចំណាយផ្នែកថែទាំសុខភាពរបស់បងប្អូន កម្មករនិយោជិត និងក្រុមគ្រួសារក្នុងបន្ទុក ដែលមានដូចជាប្តីឬប្រពន្ធ និងកូនដែលជាធម្មតា ការចំណាយលើការថែទាំសុខភាព សម្រាប់សមាជិកគ្រួសារម្នាក់ ជាមធ្យម ៥% នៃចំណាយសរុបប្រចាំខែ ឬជាមធ្យមក្នុងរង្វង់២០ដុល្លារ ឬ៤០ដុល្លារ ដែលជាការចំណាយលើការព្យាបាល ។
ប៉ុន្តែតាមរយៈយន្តការ របបសន្តិសុខសង្គម របស់រដ្ឋាភិបាលសមាជិកគ្រួសារ កម្មករនិយោជិតចំណាយតែ ១៥៦០០រៀល ( ស្មើប្រមាណ ៤ដុល្លារអាម៉េរិក ) ក្នុង១ខែប៉ុណ្ណោះ នឹងទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ នៅតាមគ្រឹះស្ថានដែលជាដៃ គូរបស់ប.ស.ស.។ នេះជាការគិតគូរថ្មីមួយទៀត របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ប.ស.ស ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងផ្នែកកិច្ចគាំពារ សន្តិសុខសង្គមឱ្យស្រប ទៅតាមច្បាប់សន្តិសុខសង្គមជាតិ និងបទប្បញ្ញត្តិសន្តិសុខសង្គម អនុលោមតាមអនុក្រឹត្យ ហើយត្រូវបានដំណើរការ នៅចុងឆ្នាំ២០០៨។

ចាប់តាំងពីពេលនោះមក ប.ស.ស បានដាក់ឱ្យអនុវត្តរបបសន្តិសុខ សង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់បុគ្គលិកកម្មករនិយោជិត នៅក្នុងវិស័យឯកជន ដែលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ ការងារ ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការ ដាក់ឱ្យដំណើរការ របបសន្ដិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ចាប់ពីឆ្នាំ២០១៧ ។

បន្ថែមលើនេះ កាលពីខែតុលា ឆ្នាំ២០២២ ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ឬប្រាក់ចូលនិវត្ត អនុវត្តក្នុងវិស័យឯកជន លើបុគ្គលិក កម្មករនិយោជិត រួមទាំងកម្មករកាត់ដេរ ដែលជាសមាជិក មានបណ្ណ ប.ស.ស ។
ថ្មីៗនេះទៀត ដើម្បីលើកកម្ពស់សុខមាលភាពសង្គម ដោយការធានា ឱ្យបាននូវសន្ដិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាពសង្គម ប.ស.ស ក៏បានដាក់ឱ្យអនុវត្តផ្នែកថែទាំសុខភាព សម្រាប់អ្នកបម្រើការងារតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរផ្ទាល់ខ្លួន។

អ្នកបម្រើការងារតាមផ្ទះ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ផាសអេប អ្នកលក់ទឹកអំពៅ អ្នកលក់ដូរតាមរទេះ ជាដើម ត្រូវបានកំណត់ឱ្យបង់ប្រាក់ ម្នាក់ ត្រឹមតែ ១៥៦០០រៀល ឬស្មើនឹង ៤ដុល្លារអាមេរិក ក្នុង ១ខែប៉ុណ្ណោះ។

ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មិនថា ទៅពេទ្យរដ្ឋ ឬពេទ្យឯកជនទេ គឺត្រូវចំណាយលុយច្រើន បើសិនជាឈឺម្តងៗ។ ពោលគឺលើសពី ១៥៦០០រៀល ដែលត្រូវបង់ភាគទាន ជាមួយប.ស.ស ក្នុង ១ខែទៅទៀត។ ដូច្នេះបើសិនជាសមាជិកគ្រួសារ និងអ្នកក្នុងបន្ទុករបស់កម្មកនិយោជិត ដែលមានបណ្ណប.ស.ស អាចចូលរួមប្រើប្រាស់ ប.ស.ស ដើម្បីទទួលបានការថែទាំសុខភាព ដោយមិនបង់ប្រាក់ដែរនោះ គឺប្រាកដណាស់ ពិតជាជួយសម្រាល បន្ទុកដល់កម្មករនិយោជិត ក្នុងវិស័យការងារ ពិសេសលើបងប្អូនកម្មករ កាត់ដេរបានយ៉ាងច្រើន។

ប៉ុន្តែទន្ទឹមនឹងដំណឹងល្អនេះ ក៏សូមឱ្យ ប.ស.ស សហការជាមួយនឹងពេទ្យដៃគូ មិនថា ពេទ្យរដ្ឋ ឬពេទ្យឯកជនទេ ត្រូវបង្កើនការទទួលខុសត្រូវ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅពេលទៅពិនិត្យ និងព្យាបាលជំងឺ ព្រោះថា កន្លងមក តែងតែឮនូវការលើកឡើងថា តាមមន្ទីរពេទ្យមួយចំនួន មិនសូវយកចិត្តទុកដាក់លើអ្នកជំងឺ ដែលមានបណ្ណប.ស.ស ដូចជា អ្នកជំងឺត្រូវរង់ចាំយូរ ហើយតាមមន្ទីរពេទ្យរដ្ឋខ្លះ អ្នកជំងឺ ដែលកាន់បណ្ណប.ស.ស ហើយ ត្រូវបង់លុយថែម លើការពិនិត្យ និងព្យាបាលជំងឺ ជាដើម ។ ទាំងនេះ សុទ្ធសឹងតែជាចំណុច ដែលធ្វើឱ្យបាត់បង់ជំនឿទុកចិត្ត ពីអ្នកប្រើប្រាស់ មកលើប.ស.ស.ក្នុងការពង្រីកវិសាលភាព របស់ខ្លួនក្នុងចំណោមសាធារណៈជន។

យ៉ាងណាក៏ដោយ អនុសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រីចំពោះការពង្រីករបបសន្តិសុខសង្គមសម្រាប់ក្រុមគ្រួសារកម្មករនេះ គឺជាយុទ្ធសាស្ត្រព្រួញ មួយបាញ់បានសត្វពីរព្រោះម្ខាង នឹងជួយដល់កម្មករនិយោជិត និងក្រុមគ្រួសារកាត់បន្ថយការចំណាយ សន្ធឹកសន្ធាប់លើការព្យាបាលដែលធ្លាប់តែជាបន្ទុក ហើយម្ខាងទៀតកម្មករនិយោជិតនឹងអាចសន្សំប្រាក់បានច្រើនជាងមុនហើយទន្ទឹមនឹងនោះក៏ទទួលបានសេវាកម្មព្យាបាល ដែលមានគុណភាព និងប្រសិទ្ធភាពពីដៃគូរបស់ប.ស.សផងដែរ ។
នេះគឺជាផ្នែកមួយដ៏ធំ ក្នុងការលើកកម្ពស់ជីវភាព របស់កម្មករឱ្យកាន់តែប្រសើរឡើង ព្រោះរដ្ឋមានយន្តការពារឃុំគ្រង លើការចំណាយចាំបាច់របស់កម្មករ រួចទៅហើយដែលធ្វើឱ្យជីវភាព កម្មករធន់នឹងការប្រែប្រួលនៃសេដ្ឋកិច្ច ៕

To Top