ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត ដល់ក្រុមវិនិយោគ ទាំងអស់ កុំមានភាពទើសទាល់ក្នុងការនិយាយ ពីបញ្ហាប្រឈមផ្សេងៗ ដើម្បីអាចឲ្យ រាជរដ្ឋាភិបាល ស្វែងរកនីតិវិធីដោះស្រាយ ។
នាឱកាសអញ្ជើញ ពិធីសំណេះសំណាល ជាមួយអ្នកវិនិយោគ និងចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ច ពិសេសចំនួន៣ទីតាំង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ ក៏ដូចជាបញ្ហាប្រឈមនានា និងការស្វែងរកដំណោះស្រាយ សមស្រប នាថ្ងៃ១១ កញ្ញា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «សូមលើកទឹកចិត្ត ឲ្យអ្នកវិនិយោគទាំងអស់ កុំមានភាពទើសទាល់ ក្នុងការ ជម្រាបជូនអំពីបញ្ហា ប្រឈមផ្សេងៗ ដើម្បីអាច ឲ្យរាជរដ្ឋាភិបាល ស្វែងរកនីតិវិធីដោះ ស្រាយ នូវបញ្ហា ប្រឈមទាំងនោះ រួមគ្នាបង្កលក្ខណៈអំណោយផលក្នុង ការបណ្ដាក់ទុននៅ ក្នុងប្រទេសកម្ពុជា»។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើក ពីគម្រោងថ្មីៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមសិក្សា និង សាងសង់រួមមាន ៖ គម្រោងកសាងមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ , ការសិក្សាគម្រោងកសាង មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ , គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ , គម្រោងផ្លូវល្បឿនលឿន , ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីក ហ្វូណនតេជោ ។ គម្រោងទាំងអស់នេះ នឹងដើរតួនាទីសំខាន់ ក្នុងការកាត់បន្ថយ តម្លៃឡូជីស្ទិកនៅកម្ពុជា ៕