ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅបរទេស ជាលើកដំបូង នៅសប្តាហ៍នេះ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ខណៈដែលក្រសួងការបរទេសចិន រំពឹងទុកពីការជំរុញ កិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ។

តមតាមការអញ្ជើញ របស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសចិនពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ។ ថ្ងៃទី ១១ ខែកញ្ញា ខណៈឆ្លើយសំណួរ ពាក់ព័ន្ធក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំ លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនរំពឹងទុក ពីការគ្រោងផែនការទូទៅ អំពីកិច្ចសហប្រតិបតិ្តការ ជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ក្នុងមួយរយៈកាលខាងមុខ តាមរយៈដំណើរទស្សនកិច្ចលើកនេះ ។

ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ លោក Xi jinping ប្រធានរដ្ឋចិននឹងជួបសន្ទនា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ចំណែកលោក Li Qiang និងលោក Zhao Leji ក៏នឹងជួបពិភាក្សាដោយឡែកពីគ្នា ជាមួយសម្តេចធិបតីផងដែរ ។

លោកស្រី Mao Ning បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះ ជាដំណើរទស្សនកិច្ចផ្លូវការ ជាលើកដំបូងបន្ទាប់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់មុខតំណែង ជានាយករដ្ឋមន្ត្រី ដែលបានបង្ហាញ ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងចិន និងកម្ពុជា ។ ឆ្នាំនេះគាប់ជួនជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិន និងកម្ពុជា និងឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា ប្រទេសចិនរំពឹងទុកពីការគ្រោងផែនការ ទូទៅអំពីកិច្ចសហប្រតិបតិ្តការ ជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ក្នុងមួយរយៈកាលខាងមុខ តាមរយៈដំណើរទស្សនកិច្ច របស់សម្តេចធិបតីលើកនេះ ជាពិសេសគឺជំរុញឱ្យគំនិតផ្តួចផ្តើម កិច្ចសហប្រតិបតិ្តការដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា”និង “ច្រករបៀងត្រីនិងអង្ករ” ជាដើមឱ្យទទួលបានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដើម្បីកសាងសហគមន៍រួម វាសនារវាងចិននិងកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ៕
អត្ថបទ ដោយវិទ្យុមិត្តភាព កម្ពុជាចិន

To Top