ភ្នំពេញ៖ លោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីផែនការសម្ពោធរោងចក្រ ដំឡើងរថយន្ត Toyota(CKD) នៅកម្ពុជាក្នុងឆ្នាំ២០២៤ខាងមុខ ។
ដំណឹងនេះ ត្រូវបានឱ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផល នៃជំនួបសម្តែងការគួរសម រវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ៧មករា ។
ក្នុងជំនួបនេះ សម្តេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់ នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់ លោកអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរូ (Takeshia Noboru) រហូតដល់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារ ជាមួយគ្នាជាញឹកញាប់។
ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពី លោក ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។
ក្នុងនោះលោក ហ្វូមីយូ គីស៊ីដា ក៏បានប្ដេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរបានទទួល នូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជាពិសេសកម្ពុជាទទួលបាន ការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាព កំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម៕