ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល សំណូមពរឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ប្រឹងប្រែងធ្វើការទាំងអស់គ្នា ដុសខាត់សមត្ថភាពខ្លួន បណ្តុះឆន្ទៈការងារ និងចូលរួមការងារសង្គម ដែលទាំងនេះសុទ្ធសឹងតែជាគន្លឹះសំខាន់ៗក្នុងការធ្វើជាមន្រ្តីគំរូ។
ក្នុងកម្មវិធីផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងរ៉ែ និងថាមពលនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ រតនៈ បានធ្វើការណែនាំអំពីទស្សនវិស័យនៃការដឹកនាំ និងការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
លោករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់អំពីទស្សនវិស័យនៃការគ្រប់គ្រប់វិស័យថាមពល វិស័យរ៉ែ និងវិស័យប្រេងកាត ដោយធ្វើការកំណត់យន្តការការងារជាក់លាក់ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យឆ្ពោះទៅសម្រេចបានតាមទិសដៅការងារ ដែលបានកំណត់សម្រាប់អណត្តិទី៧ នេះ។
ក្រៅពីការកំណត់ទិសដៅ និងយន្តការការងាររបស់វិស័យ លោករដ្ឋមន្រ្តី ក៍បានកំណត់ទស្សនវិស័យនៃការគ្រប់គ្រងធនធានមនុស្ស និងបច្ច័យចំពោះការងារសង្គម និងការងាររចនាសម្ព័ន្ធមេត្រីភាពជាមួយកងទ័ព និងការងារមនុស្សធម៌ ក្នុងន័យជំរុញការភ្ជាប់មេត្រីភាពជាប្រពៃណីខ្ជាប់ខ្ជួនដោយគ្មានខ្វះចន្លោះ៕




