ភ្នំពេញ ៖ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានសន្យាជួយលើការងារផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងផ្តល់បទពិសោធន៍ក្នុងការបង្កើតជាភូមិគំរូ ដល់ក្រសួងអភិឌ្ឍន៍ជនបទកម្ពុជា។
ក្នុងជំនួបជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាលប្រទេសឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
លោកស្រីបានសន្យាថា «នឹងបន្តទំនាក់ទំនង ភាពជាដៃគូឲ្យកាន់តែខ្លាំងនិងល្អ ជាងមុនបន្ថែមទៀត ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការផ្តល់ជាជំនួយ លើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈបច្ចេកទេស Amrit គឺទឹកស្អាតគ្មានសារជាតិពុលអាសេនិក ការជំរុញអ្នកវិនិយោគឥណ្ឌា មកកម្ពុជាដើម្បីបង្កើតការងារ ជូនប្រជាជនកម្ពុជា និងបន្តផ្តល់ការចែករំលែក បទពិសោធន៍ តាមរយៈការអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើការងារផ្តល់ឥណទានជូនប្រជាជនជនបទ និងការសហការផ្តល់បទពិសោធន៍ ក្នុងការបង្កើតជាភូមិគំរូ ដោយផ្តោតលើសេវាកម្ម សាធារណៈឌីជីថលផ្សេងៗ ផងដែរ ដើម្បីប្រែក្លាយជនបទកម្ពុជា ជាសង្គមឌីជីថល និងស៊ីវិល័យ »។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានប្ដេជ្ញានឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ជាពិសេសរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់អពីតម្រូវការរបស់កម្ពុជា លើការងារអភិវឌ្ឍន៍ជនបទ ដើម្បីរដ្ឋាភិបាលឥណ្ឌា ជួយសហប្រតិបត្តិការបន្តទៀត ៕
ក្នុងឱកាសនោះ លោក ឆាយ ឬទ្ធីសែន បានថ្លែងអំណរគុណចំពោះភាគីឥណ្ឌាដែលតែងតែផ្តល់កិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យវប្បធម៌ សាសនា ការអប់រំ បណ្តុះបណ្តាលជំនាញ និងវិស័យអភិវឌ្ឍន៍ជនបទ តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោករដ្ឋមន្ត្រី បានបន្តជម្រាបជូន លោកជំទាវអគ្គរដ្ឋទូត បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ គន្លឹះអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ។
ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបានរៀបចំកម្មវិធីអាទិភាពរបស់ខ្លួនចំនួន៤ ដូចមានៈ
១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពផ្លូវនៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញល្បឿនការផ្តល់សេវាកម្មចាំបាច់នានាដល់ជនបទ និងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនផលិតផលកសិកម្ម និងតភ្ជាប់ផ្លូវជនបទគ្រប់ទីកន្លែង ដែលប្រែក្លាយជាជនបទសមាហរណកម្ម ខិតមកកាន់តែជិតទីក្រុង។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងបញ្ឈប់ឱ្យបានការបន្ទោបង់ពាសវាលពាសកាល។
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្តាលជំនាញជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់អាចប្រកបមុខរបរផ្សេងទៀតក្រៅពីការប្រកបមុខរបរកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្រសួងបាននិងកំពុងខិតខំពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការអនុវត្តនយោបាយវិមជ្ឈការ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត៕