ព័ត៌មានជាតិ

វត្ថុបុរាណខ្មែរដ៏ល្អឯក ៣៣ នឹងត្រូវបញ្ជូនមកវិញ ក្រោយអាជ្ញាធរអាមរិក ដកហូតពីគ្រួសារមួយ

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសឲ្យដឹងថា វត្ថុបុរាណខ្មែរដ៏ល្អឯកចំនួន ៣៣ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីអាជ្ញាធរអាមេរិកដកហូតរូបចម្លាក់ទាំងនេះ ពីគ្រួសារ Lindemann ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ នាថ្ងៃ១៣ កញ្ញា បានឲ្យដឹងថា ការប្រគល់មកវិញនេះ ក្រោយក្រុមការងារកម្ពុជា និងរដ្ឋាភិបាលអាមេរិកអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានបន្តសុពលភាពកាលខែសីហា ឆ្នាំ២០២៣។

រដ្ឋាភិបាលអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក (ហៅ កាត់ថា “USAO-SDNY”) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (ហៅកាត់ថា “HSI) បានឈានដល់កិច្ច ព្រមព្រៀងជាមួយអ្នកកាន់កាប់សមុច្ច័យឯកជន គឺគ្រួសារ Lindemann ទាក់ទងនឹងវត្ថុបុរាណខ្មែរចំនួន ៣៣។ ការិយាល័យ HSI សហការជាមួយ USAO-SDNY បានដកហូតរូបចម្លាក់ទាំងនេះពីគ្រួសារខាងលើ។

វត្ថុបុរាណទាំងនោះរួមមានដូចជា៖ បដិមាព្រះវិស្ណុ និងបដិមាអឌ្ឍនារីស្វរ/អធ៌នារីស្វរ (មួយចំហៀងជា ភេទប្រុស និងមួយចំហៀងជាភេទស្រី) ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទក្រចាប់ ស្ថិតក្នុងអតីតរាជធានី កោះកេរ។ យោងតាមសាក្សីឲ្យដឹងថា រូបចម្លាក់ទាំងនេះត្រូវបានលួចយកចេញក្នុងទសវត្សរ៍១៩៩០ ជា ប្រាសាទតែមួយ ដែលតម្កល់បដិមាព្រះឥសូរនិងព្រះស្កន្ទ និងបដិមាព្រះស្កន្ទគង់លើក្ងោក។ ក្នុងចំណោមវត្ថុប្រគល់មកវិញ ក៏មានចម្លាក់ទេពមួយអង្គដែលគេជឿថាជាបដិមា ព្រះធូស្ថឡុមន៍ (មេទ័ពនៃបណ្ឌពក្សត្រ) មានប្រភពមកពីប្រាសាទចិន ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌មានប្រសាសន៍ថា «រដ្ឋាភិបាលកម្ពុជាកោតសរសើរដគ្រួសារ Lindemann ដែលបានទទួលស្គាល់ថា សម្បត្តិវប្បធម៌របស់កម្ពុជាដែលខ្លួនកំពុងកាន់កាប់ គឺបានមកដោយមិនស្របច្បាប់ ហើយស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និង អ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញនូវសម្បត្តិវប្បធម៌ជាតិ របស់យើង”។

លោកស្រីរៀបរាប់បន្តថា បដិមាព្រះធូស្ថទ្យុមន៍ ត្រូវបានគេលួចក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ហើយបានដាក់លក់ដេញថ្លៃនៅឆ្នាំ១៩៩៤ ដោយក្រុមហ៊ុន Chinese Porcelain Company មានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្រោយមក រូបភាពបដិមានេះត្រូវបានបង្ហាញក្នុងទស្សនាវដ្តី Architectural Digest។ បដិមាសំខាន់ៗចំនួនពីរទៀត មានប្រភពមកពីប្រាសាទក្រចាប់នៅកោះកេរ នឹងត្រូវប្រគល់ត្រឡប់មកវិញដែរ គឺបដិមាព្រះវិស្ណុផ្ទុំ និងបដិមា អឌ្ឍនារីស្វរ ដែលត្រូវបានលួចក្នុងឆ្នាំ១៩៩៧។ បដិមាព្រះវិស្ណុផ្ទុំ ត្រូវបានគេលួចយកចេញពីតួប៉មកណ្ដាលន ប្រាសាទក្រចាប់។ ព្រះសិរ្សអសុរា និងទេព មានអាយុកាលក្នុងសម័យអង្គរនៃរាជ្យព្រះមហាក្សត្រដ៏អស្ចារ្យបំផុតមួយគឺ ព្រះបាទជ័យវរ្ម័នទី៧។

លោកស្រីរដ្ឋមន្ត្រីបន្ថែមថា ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងរងគ្រោះដ៏ឈឺចាប់ពីសោកនាដកម្មនៃអំពើប្រល័យពូជ សាសន៍ខ្មែរក្រហម ៕

To Top