ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ប្តេជ្ញារួមគ្នាលើកកម្ពស់ការទូត ពាណិជ្ជកម្ម ទំនាក់ទំនងឲ្យកាន់តែរឹងមាំឡើង

រូបភាពពី៖​ រដ្ឋសភា

ភ្នំពេញ ៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោកអ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន។

ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងឱកាសសម្តេច ឃួន សុដារី ទទួលជួបសម្តែងការគួរសម ជាមួយលោក អ៊ីណូ អាត់ស៊ុស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃ១៣ កញ្ញា។ ក្នុងជំនួបនោះ សម្តេច ឃួន សុដារីគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។

ប្រធានរដ្ឋសភាបន្ថែមថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងកើតចេញពីបេះដូងនិងបេះដូង ដោយឈរលើគុណតម្លៃរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ជាងនេះទៅទៀត នាឱកាសនៃការអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ បានតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការឈានដល់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

ចំណែក លោក អ៊ីណូ អាត់ស៊ុស៊ី ថ្លែងថា សម្តេច ឃួន សុដារី ជាស្រ្តីកម្ពុជាដំបូងដែលទទួលបានតួនាទីដ៏ខ្ពង់ខ្ពស់ និងពិតជាមានសារសំខាន់ក្នុងការបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិឲ្យសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀតក្នុងការបម្រើប្រទេសជាតិនិងប្រជាជនទៅថ្ងៃអនាគត។

ឆ្លើយតបសំណូមពររបស់ប្រធានរដ្ឋសភាកម្ពុជា ទូតជប៉ុនសន្យាថា នឹងខិតខំបំពេញបេសកកម្មការទូតនៅកម្ពុជាទទួលបានជោគជ័យ ជាពិសេសជំរុញលើកកម្ពស់ ទំហំពាណិជ្ជ កម្មប្រទេសទំាងពីរឲ្យកាន់តែកើនឡើង លើកទឹកចិត្តអ្នកទេសចរ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាកាន់តែច្រើន និងសន្យាបន្តជួយផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត មន្រ្តីរាជការកម្ពុជា បានទៅសិក្សានៅជប៉ុន ជួយបណ្តុះបណ្តាលជំនាញដល់ពលករខ្មែរ ធ្វើការនៅជប៉ុន និងជួយកសាងអភិវឌ្ឍន៍ធនធានមនុស្ស ៕

To Top