ព័ត៌មានជាតិ

ក្រសួងអប់រំ បិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី

រូបភាពពី៖​ បណ្ដាញសង្គម

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ និងត្រៀមលក្ខណៈបើកបវសនកាលថ្មី ឆ្នាំសិក្សា២០២៣-២០២៤ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។

តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា ឆ្នាំសិក្សា២០២២-២០២៣ បានចាប់ផ្ដើមកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រសួង គូសបញ្ជាក់ថា «ដើម្បីបិទបញ្ចប់ឆ្នាំសិក្សា២០២២-២០២៣ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈសម្រាប់បើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៣-២០២៤ ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ បុគ្គលិកអប់រំ អាជ្ញាធរដែនដី ថា ឆ្នាំសិក្សា២០២២-២០២៣ នឹងត្រូវបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣»។

ក្រសួង បន្ថែមថា គណៈគ្រប់គ្រងសាលា ត្រូវរៀបចំការប្រឡងឆមាសទី២ និងប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅមុនដំណាច់ ឆ្នាំសិក្សា ២០២២-២០២៣។ លើសពីនេះ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុ ៦ឆ្នាំ ឬ៧០ខែ (យ៉ាងតិចគិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣) និងសិស្សដែលឆ្លងភូមិសិក្សាពីថ្នាក់ទី៦ ទៅទី៧ រៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសហការ និងគាំទ្រពីគណៈកម្មការទ្រទ្រង់/គ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស៕

To Top