ព័ត៌មានជាតិ

កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំក្រុមការងាររួម នៃឧត្តមមន្រី្ដរ៉ែអាស៊ាន លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ​តាមប្រព័ន្ធអនឡាញ

រូបភាពពី៖​ ក្រសួងរ៉ែ

ភ្នំពេញ៖ លោក កែវ ទួត អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាឧត្តមមន្រ្ដីរ៉ែឆ្លាស់របស់កម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងាររួមនៃឧត្តមមន្រី្ដរ៉ែអាស៊ាន លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ​ (10th Joint Working Groups Meeting of the ASEAN Minerals Cooperation and Its Associated Meetings) ដែលនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឧត្តមមន្រ្ដីរ៉ែអាស៊ានទាំង១០ ដៃគូអភិវឌ្ឍន៍​ អង្គការអន្តរជាតិ​ លេខាធិការដ្ឋានអាស៊ាន​ និងភាគីពាក់ព័ន្ធដទៃទៀត។

របៀបវារ:សំខាន់ៗនៃកិច្ចប្រជុំនេះ មានដូចខាងក្រោម៖
១. ពិនិត្យ​ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តការងារអាទិភាពសម្រាប់វិស័យរ៉ែ និងការងារអន្តរវិស័យដទៃទៀតដែលសម្រេចបានក្នុងឆ្នាំ២០២២ និងត្រីមាសទី១ ឆ្នាំ២០២៣ កន្លងទៅ
២. ពិនិត្យលើគម្រោងសំណើកិច្ចសហប្រតិបត្តិការផ្សេងៗ
៣. ពិនិត្យ​ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការរ៉ែអាស៊ាន លើកទី៣​ ដំណាក់កាលទី២ (AMCAP-III Phase 2: 2021-2025) និងការអភិវឌ្ឍ​ AMCAP-IV: 2026-2030
៤. ពិនិត្យ​ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការធនធានរ៉ែ​ជាមួយដៃគូអភិវឌ្ឍ​ និងអង្គការអន្តរជាតិ
៥.​ ពិនិត្យ​ និងពិភាក្សាលើការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារវិស័យរ៉ែទាំង៤​ និងទិសដៅបន្ត៕

To Top