ព័ត៌មានជាតិ

ទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅចិន ជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផល ប្រយោជន៍ជាតិ

ភ្នំពេញ៖ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់ទស្សនកិច្ចជាផ្លូវការនាព្រឹកថ្ងៃ១៤ កញ្ញានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ចេញសំណេរថា ដំណើរទស្សនកិច្ជាចលើកដំបូងនេះ គឺជាជម្រើសសមស្របតាមភូមិសាស្ត្រ និងផលប្រយោជន៍ជាតិ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១៤ កញ្ញានេះ លោក ប៉ែន បូណា បានមានប្រសាសន៍ថា កម្ពុជាប្រកាន់យកគោលនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក នេះគឺជាខ្លឹមសារមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញដែលបញ្ជាក់ច្បាស់អំពីបន្ទាត់នយោបាយការបរទេស ឥតប្រែប្រួលរបស់កម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី១៤ ដល់១៦ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាជម្រើសសមស្របបំផុតបើគិតអំពីភូមិសាស្ត្រនិងផលប្រយោជន៍សេដ្ឋកិច្ចពីព្រោះចិនគឺជាប្រទេសជិតខាងក្នុងតំបន់ ជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោកនិងជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា» ។

លោកបន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន សបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងស្អិតល្មួតរវាងប្រទេស និងប្រជាជនទាំងពីរ។ ស្នូលនៃទំនាក់ទំនងដ៏ល្អនេះ គឺឈរលើស្មារតីមិត្តភាពស្មើមុខមាត់គ្នា ផ្តល់តម្លៃឲ្យគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

អ្នកនាំពាក្យលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិនមិនមែនមានន័យថា កម្ពុជាបោះបង់ប្រទេសដទៃនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍និងរាប់អានមិត្តបរទេសគ្រប់ទិសទីដោយមិនប្រកាន់ ប្រទេសតូចឬធំ មានឬក្រឡើយ ពោលគឺកម្ពុជាផ្តល់តម្លៃជាមិត្តភាព ស្មើៗគ្នាជាមួយបណ្តាបរទេសទាំងអស់ក្នុងពិភពលោក និងក៏ប្រាថ្នាចង់បានមកវិញនូវការផ្តល់តម្លៃបែបនេះដូចគ្នាដែរពីសំណាក់មិត្តបរទេសក្នុងនាមជារដ្ឋអធិបតេយ្យមួយ។

លោកគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ប្រទេសនានាក្នុងពិភពលោក សុទ្ធតែមានទំនាក់ទំនងជាមួយចិន និងប្រាថ្នាចង់ឲ្យទំនាក់ទំនងនេះ កាន់តែល្អប្រសើរឡើង ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះ កម្ពុជា ដែលជាប្រទេសតូចមួយក្នុងតំបន់ក្បែរខាងចិន ក៏ត្រូវពូនជ្រុំទំនាក់ទំនងល្អជាមួយចិន ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរ។ នេះគឺជាជម្រើសដ៏ឆ្លាតវៃ និងសមស្របបំផុតសម្រាប់កម្ពុជា និងមិនធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ ប្រទេសណាមួយឡើយ ៕

To Top