ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ បង្កើតក្រសួង អធិការកិច្ច ជាឯកច្ឆ័ន្ទ

រូបភាពរដ្ឋសភា

ភ្នំពេញ ៖ សមាជិករដ្ឋសភា ដែលចូលរួមប្រជុំពេញអង្គរដ្ឋសភា បានឯកភាពលើកដៃ អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច ជាឯកច្ឆ័ន្ទដោយសំឡេង១១៤ នៃចំនួនសមាជិកសភាចូលរួម។

ការអនុម័តច្បាប់នេះ បន្ទាប់ពីមានពិភាក្សា ពីសមាជិករដ្ឋសភាមួយចំនួន និងលើកសំអាង ពីតំណាងរាជរដ្ឋាភិបាលរួច នៅក្នុងសម័យប្រជុំពេញ អង្គរដ្ឋសភានាព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។

យោងតាមសេចក្តីថ្លែងហេតុ សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងអធិការកិច្ច បានលើកឡើងថា ការបង្កើតក្រសួងអធិការកិច្ច នេះយោងតាមភាពចាំបាច់ របស់រាជរដ្ឋាភិបាល ក្នុងការប្រគល់តួនាទី ភារកិច្ចលើវិស័យ ទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភាជូនស្ថាប័ននានា និងសាវតារ លើវិស័យអធិការកិច្ច ការប្ដូរឈ្មោះមកក្រសួងអធិការកិច្ច ពិតជាឆ្លើយតប នឹងកម្មវិ ធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

ថ្លែងហេតុបញ្ជាក់ថា «ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាល យល់ឃើញថា វិស័យអធិការកិច្ចជា មូលដ្ឋានសំខាន់ ក្នុងការចូលរួមលើកកម្ពស់អភិបាល កិច្ចល្អនិង គុណភាពស្ថាប័នសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព ភាពស្អាតស្អំ ពង្រឹងយុត្តិធម៌សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍជាតិ ហើយត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល»។

ប្រភពបន្តថា ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាល ប្រគល់បេសកកម្ម ឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិច្ចការ សម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ច លើគ្រប់វិស័យនៅកម្ពុជា ។ វិស័យអធិការកិច្ច ក្រសួងបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ និងពង្រឹង អភិបាលកិច្ច ដោយបានចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានប្រព្រឹត្តអំពើអសកម្មនានា ក្នុងសង្គម ដើម្បីធានានូវវប្បធម៌ សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិការវិជ្ជាជីវៈ និងពង្រឹងវិ ន័យការងារ ៕

To Top