ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំមន្ដ្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការធ្វើដំណើររបស់កម្មករ ក្នុងករណីមានការធ្វេសប្រហែស នឹងមានគ្រោះថ្នាក់កើតឡើង។
ក្នុងប្រជុំ ស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឲ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។
នាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា «ស្នងការនគរបាលខេត្តដែលមានរោងចក្រច្រើន មានកម្មករ-កម្មការិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើន ។ ជាក់ស្តែង ខេត្តដែលមានរោងចក្រច្រើន មានដូចជាខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម»។
ជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ កុំឲ្យមានគ្រោះថ្នាក់។
សូមរំលឹកថា ឆមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប១,៥៤៨លើក បណ្តាលឲ្យស្លាប់ ៧៥៦នាក់ និងរបួស២,០៧២នាក់ (ធ្ងន់១.៣៣២នាក់)៕