ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានប្រកាសឲ្យដឹងថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីព័ត៌មាន មានបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការតែ ៣ប៉ុណ្ណោះ ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីជនខិលខូច បានប្រើប្រាស់រូបថត និងឈ្មោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួង ស្ថាប័នរដ្ឋ និងលោកផ្ទាល់។

ទាក់ទិនករណីនេះក្រសួងបញ្ជាក់ថា រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានមធ្យោបាយទំនាក់ទំនងផ្លូវការតែ៣ប៉ុណ្ណោះ៖ ១.គណនីតេឡេក្រាមឈ្មោះ “Pheaktra Neth” និងឆាណែលតេឡេក្រាមឈ្មោះ “Neth Pheaktra នេត្រ ភក្ត្រា (https://t.me/neth_pheaktra) , ២. ទំព័រហ្វេសប៊ុកឈ្មោះ “Neth Pheaktra” និងគណនីហ្វេសប៊ុកឈ្មោះ “Neth Pheaktra នេត្រ ភក្ត្រា” និង៣. គណនី WhatsApp ដែលត្រូវបានសម្គាល់ដោយលេខទូរស័ព្ទរបស់លោកផ្ទាល់។
ក្រសួងគូសបញ្ជាក់ថា ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់លោករដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើឬ សកម្មភាពដែលច្បាប់ហាមឃាត់ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ៕

