ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោក វិន ស៊ូកាំង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Huaneng Group ដែលជាក្រុមហ៊ុន ធ្លាប់បានកសាងទំនប់វារីអគ្គិសនី សេសានក្រោម២ ជួយសិក្សាបន្ថែម អំពីការពង្រីក ការតបណ្តាញអគ្គីសនី ឱ្យបានធំទូលាយ និងលើកទឹកចិត្ត ក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពល ដែលផលិតពីអាគុយ ។

ការលើកឡើងរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឱ្យលោក វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងការសម្រេចបាន សមិទ្ធផលជាច្រើននៅកម្ពុជា ជាពិសេសការកសាង ទំនប់វារីអគ្គិសនី សេសានក្រោម២ ដែលជាគម្រោងមួយដ៏ធំ និងអាចចាត់ទុកថា ជាស្ថានីយគំរូមួយ តាមរយៈការធានាបាន នូវបរិស្ថានល្អ ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជា ស្វាគមន៍ចំពោះការនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីអភិវឌ្ឍវិស័យថាមពល នៅកម្ពុជា និងលើកទឹកចិត្ត ឱ្យក្រុមហ៊ុន ជួយសិក្សាបន្ថែម អំពីការពង្រីកការតបណ្តាញអគ្គីសនី ឱ្យបានធំទូលាយ សំដៅបម្រើផលប្រយោជន៍ប្រជាជន ឱ្យកាន់តែប្រសើរឡើង ។

ជានេះទៅទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធថាមពលស្អាត និងប្រព័ន្ធថាមពល ដែលផលិតពីអាគុយជាដើម ។
សម្រាប់ការផ្តួចផ្តើមគំនិត ក្នុងការនាំចូលនូវបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍវិស័យថាមពលស្អាត សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាព នៅក្នុងការអភិវឌ្ឍវិស័យនេះ ។ ទនឹ្ទមនឹងនោះ សម្តេចធិបតី ក៏បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យអគ្គិសនីផងដែរ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអគ្គីសនី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការសិក្សា លើគម្រោងផ្សេងៗទៀត ដើម្បីជំរុញដាក់ឱ្យអនុវត្ត នាពេលខាងមុខ។

ក្នុងនោះដែរ លោក វិន ស៊ូកាំង បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តជំរុញការសិក្សា និងការនាំយកនូវបច្ចេកទេសថ្មីៗ ហើយក្រុមហ៊ុននឹងពិភាក្សា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពិនិត្យលទ្ធភាពបណ្តុះបណ្តាល ជំនាញបច្ចេកទេសផ្នែកអគ្គីសនីនេះ ទៅដល់យុវជនកម្ពុជាផងដែរ ៕
