ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍលើហេដ្ឋា រចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគ លើការផលិតសម្ភារគ្រឿង បង្គុំអេឡិកត្រូនិក នៅកម្ពុជា។

ការស្នើឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោក លាំង ហ័រ (Liang Hua) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក លាំង ហ័រ និងគណៈប្រតិភូក្រុមហ៊ុន និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ដែលសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និងបានជួយអភិវឌ្ឍវិស័យទូរគមនាគមន៍នេះ ក្នុងរយៈពេលជាង២ ទសវត្សរ៍មក។ សម្ដេចធិបតី សង្ឃឹមថា ក្រុមហ៊ុន Huawei Technology Co., Ltd នឹងបន្តនាំចូលបច្ចេកវិទ្យាថ្មីៗ និងទំនើប ពីប្រទេសចិន មកកាន់កម្ពុជា និងបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលនយោបាយ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា-ចិន និងបន្តគាំទ្រ សម្របសម្រួល និងលើកទឹកចិត្តឱ្យមានការវិនិយោគ កាន់តែច្រើនមកកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីសារៈសំខាន់ នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះ នៃការបង្កើនទំនុកចិត្ត ដល់វិនិយោគិននៅកម្ពុជា។
សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមផងដែរ ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នា នៅក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែរីកចម្រើនថែមទៀត ហើយក៏បានស្វាគមន៍ចំពោះក្រុមហ៊ុន Huawei Technology Co., Ltd ចំពោះការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ និងការវិនិយោគលើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Huawei Technology Co., Ltd ពិនិត្យលទ្ធភាពវិនិយោគ លើវិស័យផ្សេងៗទៀត ដូចជាការវិនិយោគ ការផលិតសម្ភារគ្រឿងបង្គុំអេឡិកត្រូនិកជាដើម ។

ជាមួយគ្នានេះ លោក លាំង ហ័រ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei Technology Co., Ltd បានថ្លែងអំណរគុណចំពោះ សម្ដេចធិបតី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងគាំទ្រ ដល់ក្រុមហ៊ុន Huawei Technology Co., Ltd ។ ក្នុងនោះដែរ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Huawei Technology Co., Ltd បានបង្ហាញចំណាប់អារម្មណ៍ លើការបណ្ដុះបណ្ដាលជំនាញនេះ ដោយចាប់ផ្តើមពីកម្រិតបឋមសិក្សា រហូតដល់កម្រិតសាកលវិទ្យាល័យ ។ កន្លងមកនេះ ក្រុមហ៊ុន Huawei Technology Co., Ltd ក៏បានសហការជាមួយដៃគូ នៅតាមសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា លើការងារបណ្ដុះបណ្ដាល ធនធានមនុស្ស លើវិស័យឌីជីថលផងដែរ ៕
