ភ្នំពេញ ៖ ចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឲ្យមានការភាន់ច្រលំលើផ្សព្វផ្សាយថ្មីៗនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ៃត៍វច្ឆ (Human Rights Watch) ហៅកាត់ថាHRWដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបវិញថា ភាពជឿទុកចិត្ត ចំពោះអង្គការមួយនេះត្រូវបានបាត់បង់យូរណាស់មកហើយ តាំងពីឆ្នាំ២០១៤។
ការចេញមកបដិសេធរបស់ក្រសួងការបរបរទេសខ្មែរ បន្ទាប់ពីំមន្រ្តីជាន់ខ្ពស់យូមែនរ៉ៃត៍វច្ឆ បាននិយាយប្រាប់វិទ្យុបរទេសមួយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថាបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស គឺជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល មានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក ដែលធ្វើការស្រាវជ្រាវ និង ការតស៊ូមតិ លើសិទ្ធិមនុស្ស។ ជារឿយៗអង្គការបរទេសនេះតែងតែរិះគន់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាស្ថានភាពសិទ្ធិមនុស្សកម្ពុជាមានភាពល្អប្រសើរក៏ដោយ ។
បើតាមសេចក្ដីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចំពោះការផ្សាយរបស់HRW ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។
អ្នកនាំពាក្យបន្ដថា ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួម ទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។
ដូច្នេះអ្នកនាំពាក្យគូសបញ្ជាក់ថា «ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការ អ.ស.ប ចំនួន ១រូប ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពចំនួន២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយ នេះបានប្រកាន់យក»៕