ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ជនបរទេសទទួលបានសញ្ជាតិខ្មែរ ហើយប្រព្រឹត្តបទល្មើស ទោះជាស្ថិតក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់របស់ប្រទេសនីមួយៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃ១៥ កញ្ញា ។
ការលើកឡើងនេះ បន្ទាប់ពីជាងមួយខែមុន មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងការចាប់ខ្លួនជនបរទេសមានសញ្ជាតិខ្មែរបានប្រព្រឹត្តបទល្មើសនៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering) ។
ចំពោះករណីនេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឆ្លើយតបថា មានអ្នកខ្លះព្យាយាមទាញភ្ជាប់បញ្ហានេះ ជាមួយជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ញាតូបនីយកម្ម។ ជាការកត់សម្គាល់ ការផ្សព្វផ្សាយព័ត៌មាននោះមានចេតនាលម្អៀង បំផ្លើសខុសពីការពិត និងបានធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
ប្រភពបន្ដថា តាមច្បាប់ស្តីពីសញ្ជាតិកម្ពុជា ការផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ញាតូបនីយកម្ម ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យ និង វាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមាយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគូសបញ្ជាក់ថា «ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ ហើយបានប្រព្រឹត្តបទល្មើស ទោះជាស្ថិតនៅក្នុងប្រទេសក្តី ឬនៅក្រៅប្រទេសក្តី បុគ្គលនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ចំពោះមុខច្បាប់ដែលបានកំណត់របស់ប្រទេសនីមួយៗ»។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បញ្ជាក់ទៀតថា បញ្ហាកើតឡើងនៅសិង្ហបុរីជាបញ្ហារបស់បុគ្គលសុទ្ធសាធ ដែលកន្លងមកបានកើតឡើងជារឿយៗ បង្កដោយជនបរទេសនៅតាមបណ្តាប្រទេសមួយចំនួនផ្សេងទៀត៕