ភ្នំពេញ៖ លោកឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។

ការណែនាំនេះ បានធ្វើឡើងនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក សេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះលោក ឃួង ស្រេង បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ» ជាកម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨។ យុទ្ធសាស្ត្របញ្ចកោណ ៥នេះ ត្រូវបានផ្តោតយកចិត្តទុកដាក់ទៅលើ ការអភិវឌ្ឍន៍មូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការបើកកិច្ចគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ គឺដើម្បីជម្រុញឲ្យកងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យទទួលបានជោគជ័យ ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះ គឺបានគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ការជម្រុញការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈចំពោះប្រជាពលរដ្ឋក្រីក្រ មិនមានលទ្ធភាពសិក្សារៀនសូត្រ ការផ្តល់ជំនួយសង្គម ដោយមិនទុកឲ្យប្រជាពលរដ្ឋ ស្លាប់ដោយអត់បាយនោះទេ ។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង ក៏បានណែនាំដល់មន្ត្រីទាំងអស់ សូមសិក្សា ស្វែងយល់អោយបានច្បាស់លាស់ ពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ហើយបើមិនយល់ត្រូវពិគ្រោះ ឬសួរទៅថ្នាក់លើបន្ថែម ដើម្បីយកមកអនុវត្តឲ្យបានត្រឹមត្រូវ និងទទួលបានជោគជ័យ ៕



