ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អំពីជំហរនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចថា កម្ពុជា បន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនតែមួយ យ៉ាងខ្ជាប់ខ្ជួន ។

ការបញ្ជាក់ជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុងឱកាសសម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ កញ្ញា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តគាំទ្រ នូវគំនិតផ្តួចផ្តើមនានារបស់ចិន“។

សម្ដេចធិបតី បានគាំទ្រ ចំពោះការរៀបចំ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវលើកទី៣ និងបានបញ្ជាក់ពីការអញ្ជើញរបស់ សម្ដេចធិបតី នាខែតុលា ខាងមុខ។

បន្ថែមពីលើនេះ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តអនុវត្តនូវគម្រោង ដែលបានព្រមព្រៀងគ្នា និងខិតខំស្វែង រកនូវគម្រោងថ្មីៗ បន្ថែមទៀត ដើម្បីអនុវត្តសម្រាប់ជាផលប្រយោជន៍ ជូនប្រជាជនទាំងពីរ ឱ្យបានកាន់តែប្រសើរ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្ដេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ ដើម្បីផ្ដល់ជាផលប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ ៕
