ភ្នំពេញ៖ កម្ពុជា-អាស៊ែបៃហ្សង់ បានបង្ហាញ ពីការត្រៀមខ្លួន ក្នុងការរៀបចំកិច្ច ប្រជុំពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស ទាំងពីរ លើកទី៤ នៅរាជធានីភ្នំពេញ នាដើមឆ្នាំ២០២៤ ។
ការបង្ហាញការត្រៀម ខ្លួននេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា ជាមួយលោក Shovgi Kamal oglu Mehdizada ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នាថ្ងៃទី១៥ កញ្ញា ។
ក្នុងជំនួបនោះលោកបណ្ឌិត ចែម វីឌ្យ៉ា បានកត់សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងអាហ្សែបៃហ្សង់ ដែលត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងនយោបាយ និងអន្តរសភាយ៉ាងជិតស្និទ្ធ និងសកម្ម។
លោកបណ្ឌិត ចែម វីឌ្យ៉ា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតសកល នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវការជូនពរ របស់លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ ជូនចំពោះប្រជាជនកម្ពុជា ក៏ដូចជាការអបអរសាទរ របស់រដ្ឋាភិបាល អាស៊ែបៃហ្សង់ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបោះឆ្នោតសកល ប្រកបដោយជោគជ័យ។
ភាគីទាំងពីរក៏បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានផលប្រយោជន៍រួម ដូចជា ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ វប្បធម៌ សម្ព័ន្ធភាព រវាងទីក្រុង ការដោះមីន កិច្ចការអាស៊ាន និង កិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ ៕