ភ្នំពេញ៖ លោក លាវ នីង (Liu Ning) លេខាធិការបក្ស តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី បានបញ្ជាក់ពីការពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពី តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មកកាន់ប្រទេសកម្ពុជា ។
ការបង្ហាញបំណង បង្កើនជើងហោះហើរត្រង់ខាងលើ របស់លោក លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីធ្វើឡើងក្នុងជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណានីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋ ប្រជាមានិតចិន ។
ក្នុងជំនួបនេះ លោក លាវ នីង លេខាធិការបក្ស បានអរគុណ ចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជូនពរ ឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយ ជោគជ័យ ។
ក្នុងនោះលោកលេខាធិការបក្ស បានឲ្យដឹង អំពីការពិនិត្យលទ្ធភាព បង្កើនជើងហោះហើរត្រង់ ពីតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មកកាន់ប្រទេសកម្ពុជា ដោយនឹងចាប់ផ្តើមពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។
ក្នុងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរ ចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងបានអរគុណចំពោះការ ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ប្រកបដោយភាតរភាព ពីសំណាក់ថ្នាក់ដឹកនាំ និង ប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចំពោះវត្តមានរបស់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-16_19-21-38-881x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-16_19-21-40-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-16_19-21-42-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-16_19-21-46-1024x510.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)