ភ្នំពេញ៖ ក្នុងទិសដៅបម្រើផលប្រយោជន៍ ឱ្យប្រជាជាតិប្រទេសទាំងពីរ កម្ពុជា-ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើ លេខាធិការបក្សតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ផ្ដល់ការគាំទ្របន្ថែមទៀត ដល់ផលិតផលកសិកម្ម របស់កម្ពុជា ។
ការស្នើរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងជំនួប ជាមួយលោក លាវ នីង (Liu Ning)លេខាធិការបក្សតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណានីង នៃសាធារណរដ្ឋ ប្រជាមានិតចិន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងម្ខាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសពង្រឹង និងពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រ ដល់ផលិតផលកសិកម្ម កម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់ រវាងតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏ស្នើឱ្យ លោកលេខាធិការបក្ស ពិនិត្យលទ្ធភាព ពន្លឿនដំណើរការ នៃការរៀបចំនីតិវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា នៃកិច្ចសហ ប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់ សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់ លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture) ។
ជាមួយគ្នានេះ លោក លាវ ក៏បានឲ្យដឹង អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំង នៃតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការ ដែលតំបន់ស្វយ័តមាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាពបន្ថែមផ្សេងទៀត ។ គិតមកត្រឹម ពេលនេះ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើន ជាមួយប្រទេសកម្ពុជា នៅក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាលធនធានមនុស្ស៕