ព័ត៌មានជាតិ

វិស័យសាធារណៈ ឯកជន អង្កការសង្គមស៊ីវិល រួមគ្នារៀបចំទិវាសម្អាតបរិស្ថាន ពិភពលោកលើកទី 6

ភ្នំពេញ៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គកាសម្អាតទន្លេសមុទ្រ ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនប្រមូលសំរាម និងដៃគូពាក់ព័ន្ធផ្សេងទៀត បានរួមគ្នារៀបចំទិវាសម្អាតបរិស្ថានពិភពលោកលើកទី៦ ក្រោមប្រធានបទ «ទន្លេគ្មានសំរាម» នៅតាមច្រាំងទន្លេសាបត្រើយម្ខាង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង    ១ ០០០ នាក់។

សូមជម្រាបជូនផងដែរថា ប្រទេសកម្ពុជាបានប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨មក។ ទិវានេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការ Let’s Do It World ហើយបច្ចុប្បន្នមាន ១៩៧ ប្រទេសដែលចូលរួមប្រារព្ធទិវានេះ ក្នុងគោល បំណងដោះស្រាយបញ្ហាការគ្រប់គ្រងកាក់សំណល់មិនបានត្រឹមត្រូវ និងបង្កើតបរិស្ថានពិភពលោកប្រកបដោយចីរភាព។លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា «ការរៀបចំទិវាសម្អាតបរិស្ថានពិភពលោកនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយនិងដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ច ការពារបរិស្ថានក៏ដូចជាបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងសំរាម»។

លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ ក៏បានបញ្ជាក់អំពីមហិច្ឆតារបស់អង្គការថា អង្គការសម្អាតទន្លេសមុទ្រ នឹងសហការសម្អាតសំរាមចេញពីទន្លេនៅរាជធានីភ្នំពេញឱ្យអស់ នៅត្រឹមឆ្នាំ២០២៨។ អង្គការក៏កំពុងនាំចូលទូកប្រមូលសំរាមនៅតាមទន្លេមួយគ្រឿងទៀត ដែលមានសមត្ថភាពប្រមូលសំរាមបន្ថែម ខណៈបច្ចុប្បន្នអង្គការមានទូកចំនួន១គ្រឿងកំពុងដំណើរការហើយស្រាប់ ហើយក៏មានក្រុមការងារស្ម័គ្រចិត្តចំនួន១០០នាក់បន្ថែមទៀត ដើម្បីប្រមូលសំរាមនៅតាមច្រាំងទន្លេជារៀងរាល់ថ្ងៃ។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានសម្ដែងនូវក្ដីរីករាយ និងសាទរជាខ្លាំង ដែលក្រុមហ៊ុនបានក្លាយជាចំណែកមួយក្នុងចលនានេះ។

លោកបានថ្លែងថា «សកម្មភាពនៅថ្ងៃនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ក្នុងការចូលរួមការពារបរិស្ថាន និងសង្គម ស្របតាមគោលដៅចីរភាពរបស់ក្រុមហ៊ុន ‘អភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះនិងថ្ងៃស្អែក’។

លោកបានបន្តទៀតថា ចលនានេះ នឹងកាន់តែសំខាន់ៗទៅ ព្រោះជាការផ្តល់សារស្តែងចេញជាសកម្មភាពបំផុសស្មារតីអំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននូវទម្លាប់ទុកដាក់សំរាម ហើយក៏ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់រាជរដ្ឋាភិបាល ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកជឿជាក់ថា ការចូលរួមរបស់យើងទាំងអស់គ្នានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា។

លោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ក៏បានអំពាវនាវឱ្យមានការចូលរួមកាន់តែច្រើន កាន់តែសកម្មក្នុងយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» របស់ក្រសួងទេសចរណ៍ ដែលជាសកម្មភាពដ៏សំខាន់មួយ ក្នុងការចូលរួមក្នុងយុទ្ធនាការទីក្រុងស្អាត ដើម្បីលើកស្ទួយមុខមាត់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើន។

គួរជម្រាបថា នាឱកាសរៀបចំទិវាសម្អាតពិភពលោកលើកទី ៦ នេះ ក៏មានការដាំដើមឈើនៅសាលាបឋមសិក្សាជ្រោយចង្វារចំនួន ១០០ ដើម និងទិវាអំពើល្អ ដោយមានការចែកសម្ភារៈប្រើប្រាស់ជូនប្រជា ពលរដ្ឋខ្វះខាត ក៏ដូចជាសកម្មភាពនានាដើម្បីបង្កើនការចូលរួមពីយុវជន ប្រជាពលរដ្ឋ កាន់តែច្រើន។ទិវាសម្អាតបរិស្ថាន ពិភពលោក បន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ខាងមុខនេះ៕

To Top