ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ។
ការថ្លែងប្តេជ្ញារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតមួយ» នាទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានមានប្រសាសន៍ថា “ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ ការពង្រឹងការតភ្ជាប់ ការពង្រឹងភាពធន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រឹងសមត្ថភាពផលិតកម្ម តភ្ជាប់ទៅនឹងការផ្គត់ផ្គង់ ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និងរួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។ យើងក៏ត្រូវ ពង្រឹងការគាំទ្រ ផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាព នៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះ អាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍ អាចទាញផលប្រយោជន៍ បានដោយពិតប្រាកដ ពីការបើកចំហទីផ្សារ ដែលកើតចេញ ពីយន្តការពាណិជ្ជកម្មពហុភាគី” ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា “នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើន ប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិន ពីគ្រប់មជ្ឈដ្ឋាន” ។
សម្តេចធិបតី បន្តថា “កម្ពុជាក៏សូមសម្តែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាល នៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងពិភពលោក”៕