ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជឿជាក់ថា ប្រទេសសមាជិកអាសិបទាំងអស់ មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្ម ក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក)» នៅទីក្រុងណាននីង ប្រទេសចិន នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈ រួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ដូច្នេះ អាស៊ាន និង ចិន ចាំបាច់ ត្រូវពង្រឹងភាពធន់ន កិច្ចសហប្រតិបត្តិការ និង អន្តរកម្មសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញ ពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួម ដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា»។
សម្ដេចធិបតី បន្ដថា ក្រៅពីពាណិជ្ជកម្មទំនិញ គួរផ្តោតការយកចិត្តទុកដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្ម និង ពាណិជ្ជកម្មឌីជីថលផងដែរ។ សម្ដេច មើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម ។ សម្រាប់ ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) សម្ដេច យល់ថា «យើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខ័ណ្ឌនេះផងដែរ ដើម្បីជំរុញ ពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ»។
សម្ដេចធិបតី បន្ថែមថា ត្រូវទទួលស្គាល់ វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះ ត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញនិងគាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។
សម្ដេចធិបតី បញ្ជាក់ថា អាសិបគួរចាប់ផ្តើមពន្លឿនការបញ្ចប់នីតិវិធី សម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗ ថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងទៀតថា ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះ សម្ដេច លើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួចអាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕