ព័ត៌មានជាតិ

សម្តេចធិបតី​ ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋឲ្យយកកូនច្រើន

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋយកកូនច្រើន ស្របនឹងសមត្ថភាពខ្លួន ពិសេសនោះ ស្របតាមការអភិវឌ្ឍប្រទេសជាតិដែលនៅឆ្នាំ២០៥០ខាងមុខ នឹងក្លាយជាប្រទេសអ្នកមាន ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅស្រុកបាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមការគិតព្យាកររបស់ក្រសួងផែន ការបានឲ្យដឹងថា នៅឆ្នាំ២០៥០កម្ពុជានឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើន «ខ្ញុំសូមឲ្យគិតឲ្យច្បាស់ណា ព្រោះថានៅឆ្នាំ២០៥០ នៅសល់តែ២៧ឆ្នាំទេ លឿនហើយឆ្នាំ២០៥០ គឺយើងឲ្យប្រទេសយើងក្លាយជាប្រទេសអ្នកមាន។ ដូច្នេះនៅពេលនោះ កុំឲ្យយើងមានមនុស្សចាស់ជាងក្មេង បើមានករណីនេះយើងត្រូវគិតពីលក្ខណៈវិទ្យាសាស្ត្រឡើងវិញ ព្រោះ២៧ឆ្នាំគឺអត់យូរទេ។ យើងត្រូវរក្សាធានាឲ្យគាត់មានកំលាំងពលកម្មយូរអង្វែង»។

សម្តេចធិបតីបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនសម្តេចបានជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីចិន អំពីចិនមានប្រជាជនច្រើនហើយមានមនុស្សចាស់ច្រើនដែរ ។ ចំណុចនេះដោយសារតែកាលពីដើមទីរដ្ឋាភិបាលកំណត់យកតែកូនម្នាក់មួយគ្រួសារប៉ុន្តែឥឡូវបើកឲ្យមានកូនពីរ ឬបីនាក់វិញ តែអត់មានអ្នកចង់យកទេ។
ករណីមនុស្សចាស់ច្រើននៅឆ្នាំ២០៥០នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងប្រទេសជាសមាជិកអាស៊ានមួយចំនួនក៏មានបញ្ហាដែរ ដូចជាប្រទេសសិង្ហបុរីជាដើម។

ពាក់ព័ន្ធការកើនកំណើតចំនួនមនុស្សចាស់ច្រើននៅពេលខាងមុខនេះ ត្រូវបានសម្តចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា «យើងត្រូវពិនិត្យមើលបើត្រូវឲ្យប្រជាពលរដ្ឋយកកូនច្រើនចាប់ពីពេលឥឡូវកុំចាំដល់ឆ្នាំ២០៥០ បើដល់២០៥០គ្មានអ្នកចង់បានកូនច្រើនទេ ព្រោះ ថាទី១តម្លៃចិញ្ចឹមថ្លៃ , ទី២របៀបរបបធ្វើការងារច្រើន។ ថ្ងៃមុនខ្ញុំសួរទិន្នន័យ អ្នកនៅក្រុងភ្នំពេញមានកូនប្រមាណ១កន្លះប៉ុណ្ណោះជាមធ្យម ដែលជាចំនួនថយ»។

សម្តេចធិបតីបានលើកឡើងថា ផ្ទៃដីរបស់កម្ពុជានៅមានចំនួនច្រើននឹងទូលាយ កំលាំងទីផ្សារនៅធំនិងបានច្រើន ដូច្នេះត្រូវពិនិត្យមើលធ្វើយ៉ាងណាលើកទឹកចិត្តឲ្យមានកូនច្រើនចាប់ពីពេលឥឡូវទៅ។

សម្តេចគូសបញ្ជាក់ថា «យ៉ាងណាយកកូនច្រើនចាប់ពីពេលឥឡូវទៅ ព្រោះថាចាំដល់ឆ្នាំ២០៥០បងប្អូនលែងចង់បានហើយ ព្រោះចង់បានតម្លៃចិញ្ចឹមពិបាក»។ សម្តេចធិបតីលើកឡើងថា ចំពោះប្រព័ន្ធប្រជាសាស្ត្រនេះគឺក្រសួងផែនការ និងក្រសួងពាក់ព័ន្ធគួរតែគិតគូរ ព្រោះថារឿងនេះមិនមែនជារឿងស្រួល ហើយកុំចាំដល់ឆ្នាំ២០៥០ឲ្យសោះ។ ប្រទេសខ្លះកំពុងតែប្រឈមនឹងបញ្ហាវិបត្តិ មនុស្សចាស់ច្រើនកំលាំងវ័យក្មេងតិច ដូចជានៅប្រទេសបារាំង សិង្ហបុរី។ អីចឹងយើងអាចយកកូនច្រើនបាន ប៉ុន្តែយើងត្រូវគិតពីតុល្យ ភាពនៃកំណើនសេដ្ឋកិច្ច និងប្រជាជន»៕

To Top