ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ ស្អែកត្រូវទូងស្គរទាំងអស់គ្នាដើម្បីឲ្យវិញ្ញាណក្ខន្ធ បុព្វបុរសរាប់ពាន់ឆ្នាំដឹងលឺ​ ក្រោយប្រាសាទកោះកេរ ដាក់ក្នុងបញ្ជីពិភពលោក

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានស្នើឲ្យ នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានរៀបចំ ឲ្យបណ្តាញសារព័ត៌មាន រៀបចំឡាយផ្ទាល់ពីពិធីអបអរសាទ នៃការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ពិភពលោកនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមទូងស្គរនៅទូទាំងប្រទេស ដើម្បីឲ្យវិញ្ញាណក្ខន្ធបុព្វបុរសរាប់ពាន់ឆ្នាំ ដែលបានកសាងប្រាសាទដឹងលឺ ។

ថ្លែងចេញពីទីដឹកីខេត្តតាកែវ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនាព្រឹកថ្ងៃ១៩ កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែតថា «សូមឲ្យឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានរៀបចំការឡាយផ្ទាល់ ពិធីអបអរសាទនៃការដាក់ ចូលប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៅថ្ងៃ២០កញ្ញា នៅស្តាតអូឡាំពិក»។

សម្តេចធិបតីបានលើកឡើងថា “នៅថ្ងៃស្អែកវេលាម៉ោង៧ព្រឹក នឹងមានការទូងស្គរនៅទូទាំងប្រទេស ហើយពលរដ្ឋត្រូវចូលរួមវាយស្គរ ចាន ឆ្នាំង ឬអ្វីក៏បានដើម្បីឲ្យវិញ្ញាណក្ខន្ធបុព្វបុរស រាប់ពាន់ឆ្នាំដែលកសាងប្រាសាទ បានដឹងនឹងសប្បាយរីករាយ” ។

សម្តេចធិបតីបានឲ្យដឹងថា នៅពេលព្រឹកមានការទូងស្គរ ហើយពេលល្ងាច នឹងមានការរៀបចំកម្មវិធីដើម្បីអបអរសាទ ដូច្នេះលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីវប្បធម៌ សាលាក្រុងភ្នំពេញ សហភាពសព័ន្ធ យុវជនកម្ពុជា និងភាគីពាក់ព័ន្ធរៀបចំ អបអរសាទរ ព្រោះនេះជាជាតិនិយម។ មិនថាបក្សណានោះទេព្រោះថារឿង នយោបាយជារឿងផ្សេង ប៉ុន្តែការវប្បធម៌ជារឿង ដែលត្រូវរួមគ្នាចិត្តមួយថ្លើមមួយ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការស្នើសុំដាក់ប្រាសាទកោះកេរ ក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ ត្រូវបានស្នើតាំង ពីឆ្នាំ២០១៨មកម្ល៉េះ រហូតមានការពិនិត្យឯកសារ និងការចុះវាយតម្លៃផ្ទាល់នៅប្រាសាទផងដែរ ។

សម្តេចថា ការចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកនេះ មិនងាយនោះទេព្រោះនៅក្នុងពិភពលោកមានប្រាសាទរាប់លាន ហើយប្រាសាទទាំងអស់ មិនអាចចេះតែដាក់បាននៅក្នុងបេតិកភណ្ឌវប្បធម៌ពិភលោកនោះទេ គឺទាល់តែមានលក្ខណៈ ពិសេសទាក់ទាញនិងលក្ខខ ណៈអច្ឆរិយ និងមានលក្ខណៈគ្រប់គ្រាន់ទើបដាក់បាន។

សូមជម្រាបថា កាលពីថ្ងៃ១៧ កញ្ញាគណៈកម្មការបេតិកណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានដាក់បញ្ចូល ប្រាសាទកោះកេរ ស្ថិតក្នុងខេត្តព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក ៕

To Top