ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ទស្សនកិច្ចនៅចិន ដើម្បីបញ្ជាក់ពីគោលជំហរ នយោបាយកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចទៅចិនកាលពីប៉ុន្មានថ្ងៃមុននោះ ដើម្បីបញ្ជាក់ជំហរនៃគោលនយោបាយរបស់កម្ពុជា ដោយប្រកាន់ជំហរនិរន្តរភាព និងសង្គតិភាព ឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជ្យភាពផ្អែកលើច្បាប់ អនុវត្តដោយភាពច្នៃប្រឌិត វៃឆ្លាត ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ។

សម្តេចថា ការប្រកាន់ជំហរចិនតែមួយរបស់រាជរដ្ឋាភិបាលថ្មី គឺមិនខុសនោះទេ ព្រោះមានប្រទេសជាច្រើន ជាសមាជិកអង្គការសហប្រជាជាតិក៏បានប្រកាន់គោលជំហរចិនតែមួយ។

ការលើកឡើងរបស់សម្តេចធិបតីនេះបន្ទាប់ពីមានប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក ចង់ដឹងពីគោលជំហររាជរដ្ឋាភិបាលថ្មីនៅពេលទស្សនកិច្ចនៅចិនកន្លងមក។ សម្តេចហ៊ុន ម៉ាណែតបានលើកឡើងក្នុងពិធីសំណេះ សំណាល ជាមួយកម្មករនៅខេត្តតាកែវថា មានការបកស្រាយច្រើនពាក់ព័ន្ធនឹងសម្តេចទៅចិន ពិសេសនោះគោលជំហរនយោបាយអន្តរជាតិតែម្តង។

សម្តេចធីបតីលើកឡើងថា មានអ្នកខ្លះថា កម្ពុជាប្រកាន់គោលជំហរចិនតែមួយគឺមានភាពអាក្រក់ ប៉ុន្តែសម្តេចធិបតីបានបញ្ជាក់ថា «ខ្ញុំសូមប្រាប់វិញថា ទៅស្រាវជ្រាវឡើងវិញទៅសមាជិកអង្គការសហប្រជាជាតិមានចំនួន១៩៣ប្រទេស នៅក្នុងនោះមាន១៨១ប្រទេស គឺប្រកាន់ជំហរចិនមួយរួមទាំងអាមេរិកដែរ ដូច្នេះកម្ពុជាប្រកាន់ជំហរចិនតែមួយគឺមិនខុសទេ»។

សម្តេចធិបតីថា «ខ្ញុំសូមបញ្ជាក់ថា យើងសូមបញ្ចេញជំហរនយោបាយអាណត្តិទី៧ គឺប្រកាន់ជំហរនិរន្តរភាព និងសង្គតិភាពជាមួយគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាដែលមានពីមុនគឺគោលនយោបាយឈរលើមូលដ្ឋានអធិបតេយ្យភាព ឯករាជភាព ផ្អែកលើច្បាប់ អនុវត្តដោយច្នៃប្រឌិត វៃឆ្លាតដោយផ្អែកលើការតម្កល់ជាតិជាធំ ។ នេះជាគោលនយោបាយរបស់យើងជាមួយបណ្តាប្រទេសទាំងអស់»។

ជាមួយគ្នានោះដែរ សម្តេចធិបតីក៏បានស្នើឲ្យប្រជាពលរដ្ឋកុំព្រួយបារម្ភ ព្រោះរាជរដ្ឋាភិបាលធ្វើអ្វីមួយគិតប្រយោជន៍ជាធំ និងមិនធ្វើឲ្យបាត់បង់ផលប្រ យោជន៍ជាតិនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែតគូសបញ្ជាក់ថា «ខ្ញុំទៅចិនដើម្បីបញ្ជាក់គោលនយោបាយការទូតជាមួយចិនរក្សានូវដដែល ដោយសារគឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយបានអនុម័តដោយអង្គសន្និបាតវិសាមញ្ញ។ ហើយពីណាក៏ដោយដឹកនាំ ត្រូវអនុវត្តគោលនយោបាយនឹង»។

សម្តេចធិបតីបន្តថា «ខ្ញុំសូមជូនសារទៅផង ហើយអ្នកដែលវាយប្រហារខ្ញុំក៏កំពុងអង្គុយមើលស្តាប់ផងដែរ និងរកគន្លឹះវែងទៀត។ ខ្ញុំសូមសរសើរតែម្តងវាយប្រហារ ម្តងថាខ្ញុំកូនវៀតណាម ម្តងជាកូនឪខ្ញុំ«…» ប៉ុន្តែខ្ញុំគ្រាន់តែសូមបញ្ជាក់តិចថា តើទស្សនកិច្ច ទៅចិនប៉ុន្មានថ្ងៃនេះដើម្បីធ្វើអ្វី? មានអ្នកខ្លះលើកឡើងថាខ្ញុំទៅ ចិនដើម្បីបញ្ជាក់ជំហរពីគោលនយោបាយរបស់កម្ពុជាថា ចិនចង់ដឹងថារដ្ឋាភិបាលទើបបង្កើតថ្មីប្រកាសគោលនយោបាយយ៉ាងម៉េច? ពិសេសដំណើរការទូតនៅចិន»។

សម្តេចធិបតីលើកឡើងទៀតថា មានអ្នកខ្លះថាការយកសេដ្ឋកិច្ចមកអនុវត្តនៅកម្ពុជាមិនល្អនោះទេ ប៉ុន្តែសម្តេចថា ការបង្កើតមិត្តជាច្រើននៅលើឆាកអន្តរជាតិតើវាខុសអ្វី? ខ្មែរគួរតែអបអរសាទនៅពេលមានមិត្តកាន់តែច្រើន កាន់តែល្អ ព្រោះខ្មែរប្រទេសមួយតូច ហើយការធ្វើទំនាក់ទំនងពាណិជ្ជកម្ម ត្រូវតែធ្វើដើម្បីយកផលប្រយោជន៍មកក្នុងប្រទេសកាន់តែច្រើន៕

To Top