ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិន្នន័យសន្តិសុខជាតិ “បើមិនដឹងកុំចង់ដឹង បើគ្មានសិទ្ធិដឹងកុំទារគេចង់ដឹង”

ភ្នំពេញ ៖ ក្នុងជំនួបជាកម្មករនាព្រឹកថ្ងៃ១៩ កញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងយ៉ាងខ្លី ពាក់ព័ន្ធទៅនឹងទិន្នន័យ សន្តិសុខជាតិថា “បើមិនដឹងកុំចង់ដឹង បើគ្មានសិទ្ធិដឹង កុំទារគេចង់ដឹង” ។

ការលើកឡើងបែបនេះ របស់នាយករដ្ឋមន្រ្តី ក្នុងន័យណែនាំទៅស្ថាប័នក្រសួងផ្សេងទៀត កុំឲ្យចង់ដឹងចង់លឺ ពីសន្តិសុខជាតិ បើគេមិនឲ្យដឹង ក្រោយសម្តេចបានបញ្ជា ឲ្យធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរ កំពុងធ្វើការនៅក្រៅប្រទេស ដែលមានការចូលរួម ពីក្រសួងពាក់ព័ន្ធមួយចំនួន ។

ដូចសព្វមួយដង គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ជាហូរហែរ ពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ ប្រយោជន៍ប្រជាពលរដ្ឋ និងទាក់ទាញក្រុមវិនិយោគិន រាល់ពេលចុះជួបកម្មករ ប៉ុន្តែនាឱកាសជួបកម្មករ នៅខេត្តតាកែវ សម្តេចបានលើកឡើង ទាក់ទងទៅនឹងការធ្វើលិខិតឆ្លងដែន ដល់ពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូងថា កុំឲ្យព្រួយបារម្ភ ចំពោះតម្លៃនៃការធ្វើ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានគិតគូរពីពេលវេលា នៃការធ្វើមិនឲ្យយូរពេកនោះទេ ។ ប៉ុន្តែសម្តេចក៏ផ្តាំ ទៅភាគីពាក់ព័ន្ធអំពីបញ្ហាសន្តិសុខជាតិ ធ្វើយ៉ាងណាត្រូវគ្រប់គ្រងឲ្យបាន។ ក្នុងនោះក្រសួងការងារ ក៏មានភារកិច្ចជួយលើរបៀបរបបការងារ យកលិខិតឆ្លងដែនផងដែរ។

សម្តេចគូសបញ្ជាក់ថា ខាងអត្តសញ្ញាណកម្ម គឺជាអ្នកទទួលខុសត្រូវ ទៅលើកិច្ចការងារទិន្នន័យ ជាមួយនឹងក្រសួងមហាផ្ទៃ និងក្រសួងការបរទេសជាដើម ដើម្បីជួយសម្របសម្រួល ប៉ុន្តែមិនត្រូវលូកដៃ ចូលកិច្ចការងារជំនាញទេ ។ សម្តេចនាយករដ្ឋមន្រ្តីបន្តថា “ការងារនេះទាក់ទងទៅនឹងសន្តិសុខជាតិ “រឿងទិន្នន័យស្ថាប័នដែលដឹងបានដឹង បើមិនដឹងកុំចង់ដឹង បើគ្មានសិទ្ធិដឹងកុំទារគេចង់ដឹង …បញ្ជាក់ឲ្យច្បាស់”

To Top