ព័ត៌មានជាតិ

បារាំង នឹងគាំទ្រដល់វិស័យ អភិវឌ្ឍន៍ជនបទកម្ពុជា បន្ថែមទៀត

រូបភាព៖ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ព្រមទាំងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក Jacques Pellet បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ដោយមានការជួយកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ក៏ដូចជាជួយក្នុងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជាជាច្រើនផងដែរ។

ជាមួយគ្នានេះ លោកស្រី Sandrine Boucher នាយិកា AFD ប្រចាំកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និង AFD។

លោកស្រីសង្ឃឹមថា «ក្នុងអាណត្តិថ្មីនេះកិច្ចសហប្រតិបត្តិការ និងមានភាពកាន់តែល្អប្រសើរបន្ថែមទៀត ហើយរដ្ឋាភិបាលបារាំង នឹងគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ បន្ថែមទៀត តាមការស្នើសុំរបស់ក្រសួង»។

ក្នុងឱកាសនេះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលតែងតែមានកិច្ចសហប្រតិបត្តិការ និងផ្តល់ជាជំនួយមកកម្ពុជា តាំងពីរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រី បានបន្តប្រាប់ភាគីបារាំង បន្ថែមទៀតនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញបេសកកម្ម ជាប្រវត្តិសាស្ត្រដើម្បីពន្លឿន ការអភិវឌ្ឍឈានឆ្ពោះទៅកាន់ ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដោយដាក់ចេញនូវយុទ្ធសាស្រ្ត ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើវិស័យអាទិភាពចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបានរៀបចំកម្មវិធីអាទិភាព របស់ខ្លួនចំនួន៤ រួមមាន ៖

១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ សំដៅពង្រីកវិសាលភាពប្រព័ន្ធផ្លូវ នៅជនបទឱ្យកាន់តែប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទៅដល់ទីជនបទ។
២. កែលម្អលក្ខខណ្ឌនៃការរស់នៅ របស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រក្សាបាននូវអនាម័យ ដោយមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ និងអប់រំផ្លាស់ប្តូរឥរិយាបថ ឈានទៅបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ បន្តលើកកម្ពស់សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាល ជំនាញមូលដ្ឋានដល់ប្រជាពលរដ្ឋ ដើម្បីបង្កើតមុខរបរផ្សេងទៀតក្រៅពីមុខរបរកសិកម្ម ។
៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាព សុចរិតភាព និងការទទួលខុសត្រូវ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អ និងឆាប់រហ័សជាងមុនបន្ថែមទៀត៕

To Top