ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញដល់អាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឲ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យតាមដានមើលបារបារាំង ដើម្បីបង្ការនិងទប់ស្កាត់ នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ការជំរុញរបស់អភិបាលរាជធានីភ្នំពេញបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ការពង្រឹងការផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតចូលរួម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងនោះ លោក ឃួង ស្រេង បានលើកឡើងថា ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ ។ ដូច្នេះសម្រាប់រដ្ឋបាលស្រក ខណ្ឌ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងខ្លាបំផុត ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាមួយគ្នានេះ លោកឃួង ស្រេង បានបន្តថា សម្រាប់ច្រក ចេញ ចូលតែមួយ ត្រូវតែបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន ប្រកបដោយគុណភាព តម្លាភាពនិង ទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រក ចេញចូលតែមួយ នៅថ្នាក់សង្កាត់ធ្វើយ៉ាងណាទម្រង់ទិស ឲ្យមន្ត្រីអនុវត្តបានត្រឹមត្រូវទៅតាមការណែនាំ របស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារគ្រប់ជ្រុងជ្រោយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា “អាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ឲ្យបានខ្លាំងក្លាបំផុត ជាមួយនឹងការចុះពិនិត្យ តាមដានបារបារាំង ដើម្បីបង្ការ និងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់”៕








