ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបង្ហាញការជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល នឹងអាចប្រមូលផ្តុំនូវវិធានការសរុប ដើម្បីឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ។
ការថ្លែងរបស់សម្តេចធិបតីខាងលើនេះ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បើកសន្និសីទប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខ សាធារណសកល ក្រោមប្រធានបទ ”ពិភពលោកមួយសន្តិសុខរួម” នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។
សម្តេចធិបតីមានប្រសាសន៍ថា វេទិកានេះ បានបង្កលក្ខណៈ និងលទ្ធភាពដល់គ្រប់អង្គភាពពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំ និងអង្គអនុវត្តច្បាប់នៃបណ្តាប្រទេសជាច្រើនបានជួបជុំ និងផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍សំខាន់ៗ ដើម្បីបម្រើដល់កិច្ចការថែរក្សាសន្តិសុខ ក្នុងប្រទេសរបស់ខ្លួន និងសន្តិសុខសកល ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្និសីទស្តីពីវេទិកា កិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ឆ្នាំ២០២៣នេះ បានជ្រើសរើសមូលបទដ៏មានសារៈសំខាន់ គឺពិភពលោកមួយសន្តិសុខរួម (One World comment Security) ដែលឆ្លុះបញ្ចាំងអំពីតថភាពបច្ចុប្បន្ន និងចក្ខុវិស័យវែងឆ្ងាយ នៃភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពដែលផ្តោតសំខាន់ លើការថែរក្សាសន្តិសុខសកលសំដៅបង្កើតឡើងនូវកាលានុវត្តភាពនៃការវិវដ្ត និងវិបុលភាពសង្គម សេដ្ឋកិច្ច និងសម្រាប់មនុស្សគ្រប់រូប ។ ចក្ខុវិស័យវែងឆ្ងាយនេះ ក៏មានសង្គតិភាពទៅនឹងការប្តេជ្ញាចិត្ត ទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្ថិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍនៅថ្នាក់ជាតិ តំបន់និងអន្តរជាតិ ។
ក្នុងនោះ សម្តេចធិបតីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមដល់ការរៀបចំលិខិតតូបករណ៍ យុទ្ធករណ៍ គោលនយោបាយពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការផ្សារភ្ជាប់ជិតស្និតរវាងកងកម្លាំងអនុវត្តច្បាប់ពីគ្រប់ភាពពាក់ព័ន្ធទាំងអស់ ។
សម្តេចសង្កត់ធ្ងន់ថា “រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះ យើងនឹងអាចប្រមូលផ្តុំនូវវិធានការសរុបឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តីបារម្ភរួម ពាក់ព័ន្ធវិស័យសន្តិសុខ ក្នុងបុព្វហេតុរួម នៃសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់ ។ ខ្ញុំជឿជាក់ថា កិច្ចពិភាក្សាលម្អិត គ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងអង្គសន្និសីទទាំងមូលលើបញ្ហាសំខាន់ៗទាំងនេះ នឹងអាចរកឃើញនូវវិធានគន្លឹះចាំបាច់មួយចំនួនបន្ថែមទៀត ដែលបម្រើដល់ឧត្តមប្រយោជន៍ នៃកិច្ចការថែក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា និងសន្តិសុខសកលជាក់ជាមិនខាន” ៕