ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និយោជិត អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ចូលរួមប្រារព្ធ ពិធីអបអរសាទរ ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទ កោះកេរ របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ការចុះរមណីយដ្ឋាន ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ៕
















