ភ្នំពេញ ៖ លោក កើត ឆែ បានយកឱកាសវាយគង ទូងស្គរ និងគោះត្រដោក អបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបញ្ជាក់ថា មោទកភាពជាតិ គឺកើតមានឡើងនៅពេលដែលកម្ពុជា មានសុខសន្តិភាពពេញលេញ ដូច្នេះត្រូវថែរក្សាសន្តិភាពឲ្យបានគង់វង្ស បើទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-32-1024x682.jpg)
ការលើកឡើងបែបនេះ របស់លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើឡើងខណៈរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីវាយគង ទូងស្គរ និងគោះត្រដោកដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានសម្រេចចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងបរិវេណសាលារាជធានីភ្នំពេញ ។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-36-1024x682.jpg)
លោកកើត ឆែ បានលើកឡើងថា នៅពេលដែលជាតិសាសន៍មួយ ត្រូវបានពិភពលោកទទួលស្គាល់ ដោយយកព្រលឹងវប្បធម៌របស់ជាតិ ទៅដាក់ចូលជាបេតិកភណ្ឌពិភពលោក ពិតជាមានមោទកភាពណាស់។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-40-1024x682.jpg)
អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា “មោទកភាពជាតិ កើតមាននៅពេលដែលកម្ពុជាយើងមានសុខសន្តិភាព មោទកភាពជាតិនេះ តាមបទពង្សាវតាខ្មែរ យើងបានបាត់បង់យូរឆ្នាំ មកហើយ តែពេលនេះកម្ពុជាយើង មានមោទកភាពជាតិឡើងវិញ។ បើគ្មានសន្តិភាព យើងគិតថា មោទកភាពជាតិនេះ គឺមិនមានទេ បើគ្មានសន្តិភាពយើងក៏គ្មានមោទកភាពជាតិដែរ”។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-51-1024x682.jpg)
លោកបន្តថា “យើងត្រូវចងចាំថា អ្វីដែលយើងមាននៅពេលនេះ គឺ កើតឡើងពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តវីរភាពរបស់សម្ដេចហ៊ុន សែន នាំជាតិកម្ពុជាទៅរកភាពសុខសាន្តរុងរឿង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យកូនចៅរបស់យើងរស់នៅក្នុងសន្តិភាព ក្នុងសេចក្តីថ្លៃថ្នូរ នាំជាតិមាតុភូមិរបស់យើងនៅកាន់គោលដៅដែលយើងចង់បាន”។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-55-1024x682.jpg)
ឆ្លៀតក្នុងឱកាសនេះ លោក កើត ឆែ ក៏បានសុំឲ្យពលរដ្ឋកម្ពុជាទាំងអស់ ថែរក្សាតម្លៃសន្តិភាពឲ្យបានគង់វង្ស ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែមានឯកភាពជាតិ ដើម្បីយកទង់ជាតិ ឈានទៅរកគោលដៅ ដែលចង់បាននៅពេលអនាគត ។
![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-20_10-26-58-1024x682.jpg)
គួរបញ្ជាក់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិខាងលើនេះ កាលពីថ្ងៃទី១៨កញ្ញា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានណែនាំឲ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ រោងចក្រសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)