ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញលក្ខណៈវិនិច្ឆ័យនៃ តម្លៃលេចធ្លោជាសកលរបស់ «រមណីយដ្ឋានប្រាសាទកោះកេរ» ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្ដូ កាលពីថ្ងៃ១៧ កញ្ញា ក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
តាមរយៈសេចក្ដីជូនដំណឹង របស់ក្រសួងវប្បធម៌ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនពីរ ដូចជា៖
១-រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បង្ហាញក្នុងលក្ខណៈដ៏វិសេសវិសាលមួយ នូវចំណុចគួបប្រសព្វរវាងតម្លៃមនុស្ស ដែលបង្កើតបានជារចនាបថកោះកេរ ដែលក្នុងនោះក្បាច់ចម្លាក់បដិមា បង្ហាញពីភាពក្លាហាន រូបភាពបង្កប់នូវការស្រមៃ និងវិញ្ញាណរស់រវើកអំពីចលនារបស់ ក្បាច់ចម្លាក់ដែលកើតចេញពី ការបញ្ចូលគ្នានៃនិមិត្ដរូបសាសនា និងសិល្បៈ របស់ឥណ្ឌា ជាមួយគោលគំនិតរចនាក្នុងស្រុក និងសិល្បៈហត្ថកម្ម។ ទោះបីត្រូវបានបង្កើតឡើង ក្នុងរយៈពេលដ៏ខ្លីត្រឹមតែ២៣ឆ្នាំ ក្នុងសតវត្សទី១០ក៏ដោយ ក៏រចនាបថកោះកេរបានជះឥទ្ធិពល យូរអង្វែងទៅលើការបញ្ចេញទឹកដៃសិល្បៈ នៅក្នុងសម័យកាលក្រោយៗមកទៀតនៃអាណាចក ខ្មែរ និងនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត។
២-រមណីយដ្ឋានបុរាណវិទ្យាកោះកេរ គឺជាគំរូដើមស្ដីពី ដែនទេសភាពទីក្រុងថ្មី ដែលមានសំណង់អគារធំៗ ដោយសារការប្រើប្រាស់ផ្ទាំងថ្មដុំធំៗដ៏ច្រើន សន្ធឹកសន្ធាប់នៅក្នុងការសាងសង់ និងការឆ្លាក់ក្បាច់និងបដិមា។ គំរូដើមនេះបានសម្ពោធឡើង នូវសម័យកាលនៃការសាងសង់ប្រាសាទថ្ម អស់ជាច្រើនសតវត្សនៅទូទាំងអាណាចក្រខ្មែរ ហើយបានក្លាយជាប្រភពនៃការបំផុសគំនិត សម្រាប់ការសាងសង់ប្រាសាទ ដ៏អស្ចារ្យនានានៅអង្គរ និងនៅក្នុងអាស៊ីអាគ្នេយ៍ ក្នុងសតវត្សក្រោយៗមកទៀត។
ក្រសួងបន្ដថា ការទទួលស្គាល់ជាផ្លូវការ រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោក នាពេលនេះ គឺជាមោទកភាពជាតិដ៏ធំធេងថ្មី មួយទៀតបន្ទាប់ពី តំបន់រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាបន្តបន្ទាប់នៅឆ្នាំ១៩៩២ ឆ្នាំ២០០៨ និងឆ្នាំ២០១៧។
សូមបញ្ជាក់ថា ប្រាសាទកោះកេរស្ថិតនៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ។ ប្រាសាទកោះកេរនេះ មានរូបរាងជាពីរ៉ាមីត កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះ (ឆោកគគ៌្យរ) ស្រះគគីរ នៃអតីតរាជធានីលិង្គបុរៈ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ មានទំហំផៃ្ទដី ១៦គីឡូម៉ែត្រការ៉េ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ៕