ព័ត៌មានជាតិ

ក្រុមហ៊ុន អូស្ត្រាលី បង្ហាញការរីករាយ ចំពោះគម្រោងបញ្ចុះថ្លៃអគ្គិសនី របស់កម្ពុជា

រូបភាព៖ ក្រសួងរ៉ែនិងថាមពល

ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួប ក្រុមហ៊ុនរ៉ែមាស មកពីប្រទេសអូស្ត្រាលីដែលបាននិងកំពុងបង់សួយសារពន្ធ និងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងដល់ប្រជាជនកម្ពុជា។

យោងតាមក្រសួងរ៉ែ បានឲ្យដឹងថា ក្រុមហ៊ុនរីករាយនឹងបន្ថែមជាមួយការកាត់បន្ថយបែបបទ ឲ្យសាមញ្ញដោយក្រសួងរ៉ែ ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនី លើសមធ្យមភាគកន្លងទៅនេះ។

សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើក្រសួងរ៉ែនិងថាមពល សិក្សាលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ២១,០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ៕

To Top