ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីទូងស្គរ ដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
រមណីយដ្ឋានប្រាសាទកោះកេរ គឺជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ ត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤។
ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាពេលថ្មីៗនេះ បានណែនាំដល់ គ្រប់ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជនរួមជាតិកម្ពុជាគ្រប់រូបរួមគ្នារៀបចំ ការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ ដែលខ្លួនមានថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅ គ្រប់ទីកន្លែងសាធារណៈ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយ ចពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបជូនដែរថា បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោក ចំនួន៤ហើយ ក្នុងនោះ រួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕