ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីរាជការ ក្រុមយុវជន និងបានការនិមន្ត ចូលរួមពីព្រះសង្ឃ ធ្វើការទូងស្គរជ័យអបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងនៅវត្តពាលញែក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដ៏ឆ្នើម បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីអបអរសាទរចំពោះមហាសមិទ្ធផល និងកិត្យានុភាព ដ៏ត្រចេះត្រចង់ថ្មីមួយទៀតនេះរបស់កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការយ៉ាងច្រើនកុះករ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក យ៉ាងក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយឥតគណនា ដែលជាសញ្ញាណបង្ហាញនូវកិត្តិនាមដ៏ល្បីល្បាយ បន្ថែមទៀតរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

គួររំលឹកថា រមណីយដ្ឋានប្រាសាទកោះកេរ គឺជាមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ ត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ ។ នៅឆ្នាំ២០១៨ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការពិគ្រោះយោបល់ជាមួយ អ្នកជំនាញការអន្តរជាតិ បានកសាងនូវឯកសារដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតដល់ឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញា ស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ ហើយត្រូវបានសម្រេច លើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១៕
