ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារពលរដ្ឋ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងគាំពារប្រជាពលរដ្ឋ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២០ កញ្ញានេះ លោក ប៉ែន បូណា បានលើកឡើងថា កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៅថ្ងៃទី២៤ សីហា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដែលជាគោលនយោបាយ លើកស្ទួយសង្គមសេដ្ឋកិច្ចនៅកម្ពុជាក្នុងនោះ មានអាទិភាព ៦ យ៉ាងដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសនឹងដាក់ឲ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ២០២៣ នេះតទៅ។

ចំណែកក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី២ នាព្រឹកថ្ងៃទី២០ កញ្ញានេះ លោកថា ពោលគឺមិនទាន់បានមួយខែផង គណៈរដ្ឋមន្ត្រីបានពិភាក្សា និងអនុម័តរបាយការណ៍វឌ្ឍភាព នៃការរៀបចំយន្តការអនុវត្ត គោលនយោបាយអាទិភាពទាំង ៦ សម្រាប់ប្រកាសអនុវត្តមុនដំណាច់ ឆ្នាំ២០២៣។

លោកបន្ថែមថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(ឆ្នាំ២០២៣ – ២០២៨) ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដែរនោះក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី២លើកយកមកពិភាក្សានិងអនុម័ត។

អ្នកនាំពាក្យបន្តទៀតថា សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងមុខងារសាធារណៈ ដែលជាស្នូលនៃកំណែទម្រង់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ក៏ត្រូវបានពិភាក្សានិងអនុម័តរួចរាល់ដែរ។

លោកបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គគណៈរដ្ឋមន្ត្រីថា ពេលនេះជាពេលដែលយើងទាំងអស់គ្នា ត្រូវធ្វើសកម្មភាពឲ្យបានសម្រេចលទ្ធផល ជាក់ស្តែងតាមការសន្យាពោល គឺមិនមែននិយាយ ហើយតែធ្វើមិនបាននោះឡើយ ។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា «សរុបមក រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់ និងជារាជរដ្ឋាភិបាលដែលធ្វើសកម្មភាពភ្លាមៗ លឿនរហ័ស ដោយផ្តោតសំខាន់លើការ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំពារប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលបានផលមុនគេ» ៕

To Top