ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលនេះ គឺបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនូវសិល្បៈដ៏សំបូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។
សូមរំលឹកថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នាឱកាសអញ្ជើញអបអរសាទរការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្រ្តីជំនាញបេតិកភណ្ឌ ដែលបានខិតខំប្រឹងប្រែងប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងការចុះបញ្ជី «រមណីយដ្ឋានតំបន់ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្ដេចធិបតី មានប្រសាសន៍ថា «ការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺបង្ហាញអំពីបញ្ញាញាណដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរ បានបន្សល់ទុកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សំបូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាល នៅទូទាំងប្រទេសកម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ រក្សាឲ្យបានគង់វង្សជារៀងរហូត ក្រោមម្លប់សន្ដិភាព ដែលប្រជាជាតិ និងប្រជាជនខ្មែរគ្រប់ស្រទាប់ត្រូវសាមគ្គីគ្នាថែរក្សា ទប់ស្កាត់ រាល់ភាពវឹកវរបង្កើតសង្គ្រាម ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិយើងទាំងបច្ចុប្បន្ន និងអនាគត»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះបងប្អូនជនរួមជាតិទាំងអស់ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្សនិស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរយ៉ាងសកម្ម ទូទាំងប្រទេស ពីព្រឹកមិញ តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និងឯកជន បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងរគាំង ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី ក៏បានកោតសរសើរ បណ្តាញព័ត៌មានទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវព្រឹត្តិការណ៍ប្រកបដោយមោទនភាពជាតិ ជាមួយនឹងសាមគ្គីភាពដ៏រឹងមាំ ស្រលាញ់ និងអភិរក្សវប្បធម៌ ដែលជាអត្តសញ្ញាណជាតិ ស្ថិតក្នុងដួងចិត្តកុលបុត្រកូនខ្មែរគ្រប់រូប ជាអមតៈ៕