ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសឱ្យអនុវត្តកម្មវិធី​ គោលនយោបាយ​ អាទិភាពទាំង៦ មុនដំណាច់ឆ្នាំ២០២៣

រូបភាព នាយករដ្ឋមន្រ្តី

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នីតិកាលទី៧ បានសម្រេចឯកភាព ចាប់ផ្តើម អនុវត្តកម្មវិធីគោលនយោបាយ អាទិភាពទាំង ៦ឱ្យបានមុនដំណាច់ឆ្នាំ២០២៣នេះតែម្តង ។

យោងតាមចំណុច១ ស្តីពីរបាយការណ៍វឌ្ឍនភាព នៃការរៀបចំយន្តការអនុវត្តកម្មវិធី គោលនយោបាយ អាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្ត មុនដំណាច់ឆ្នាំ២០២៣ ក្នុងលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព បានបង្ហាញថា “បន្ទាប់ពីមានការឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួល និងចូលរួមរៀបចំ នូវយន្តការអនុវត្តហិរញ្ញប្បទាន និងការងារពាក់ព័ន្ធផ្សេងទៀត នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ជាបន្តបន្ទាប់ ដែលមកដល់ពេលនេះ យន្តការសម្រាប់អនុវត្តកម្មវិធីទាំងអស់នេះ ត្រូវបានរៀបចំរួចស្រេចបាច់” ។

ក្នុងលទ្ធផលដដែលនោះ បានឲ្យដឹងថា “កម្មវិធីគោនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី១ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្រប់ដណ្តប់សុខភាពជាសកល, កម្មវិធីទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី៤ ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលរួម ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងកម្មវិធីទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដេលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឲ្យមានសមាគមកសិករនៅតាមទីជនបទ ។

ក្នុងនោះលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រកាសចាប់ផ្តើមអនុវត្ត កម្មវិធីគោលនយោបាយ អាទិភាពទាំង៦ខាងលើ ជាបន្តបន្ទាប់ មុនដំណាច់ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងនោះ កម្មវិធីទី១ និងទី២ គ្រោងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, កម្មវិធីទី៣ គ្រោងប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កម្មវិទី៤ គ្រោងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, កម្មវិធីទី៥ និងទី៦ គ្រោងប្រកាស ដាក់ឲ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

To Top