ភ្នំពេញ៖ ក្នុងដំណើរបំពេញបេសកកម្មការងារមុនក្រោយគ្នា មិនដល់មួយសប្តាហ៍នៅលើទឹកដីមហាអំណាចទាំង២ គឺសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រូវបានលោកបណ្ឌិត គិន ភា ជាមន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយជាអ្នកវិភាគពីស្ថានការណ៍ នយោបាយផងដែរនោះ មើលថា សុទ្ធតែជាដំណើរការបំពេញបេសកកម្ម មួយផ្តល់ផលប្រយោជន៍ទាំងអស់ ។
ជាការកត់សម្គាល់ សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ នៅចិនកាលពីសប្តាហ៍មុនចាប់ពីថ្ងៃ១៤-១៦កញ្ញា តបតាមការអញ្ជើញពីលោក លី ឈាង នាយករដ្ឋមន្រ្តីចិន ហើយចាប់ពីថ្ងៃ១៦-១៧កញ្ញា សម្តេចបន្តចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីងតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ហើយនៅថ្ងៃ២១ កញ្ញា នេះ សម្តេចក៏បានបន្តបេសកកម្មការងារ នៅលើទឹកដីអាមេរិក ក្នុងដំណើរដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ២១-២៥ កញ្ញា ។
សម្រាប់ដំណើរទស្សនកិច្ច បែបបំពេញការងាររបស់ ថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង២ប្រទេសនេះ លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ២១ កញ្ញា ថា ពិតជាមានសារៈសំខាន់ ពិតមែនសម្រាប់កម្ពុជាទាំងមូល ។ សារៈសំខាន់នោះគឺជាឱកាសដែលសម្តេច ហ៊ុន ម៉ាណែត ធ្វើការឧទ្ទេសនាមនូវក្របខណ្ឌ គោលនយោបាយការបរទេស និងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់បណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលនាំ ផលប្រយោជន៍មកដល់ជាតិ។
លោកថា “ដូច្នេះវត្តមានរបស់សម្តេចនៅក្នុង ដំណើរបំពេញបេសកកម្ម នៅក្រៅប្រទេសទាំងប៉ុន្មានលើកនេះ បង្ហាញឲ្យឃើញពីនិមិត្មរូបនយោបាយ ភាពជាតំណាងដ៏ពេញលេញស្របច្បាប់ ប្រកបដោយកិត្យានុភាព ដ៏ឧត្តុងឧត្តមនៃព្រះរាជាណាចក្រកម្ពុជា ចំពោះក្រសែភ្នែកនៃសហគមន៍អន្តរជាតិ ចំពោះប្រមុខរដ្ឋាភិបាល ប្រមុខរដ្ឋនៃបណ្តាប្រទេសទាំងអស់ដែលជាមិត្ត”។
ដូចគ្នានេះដែរលោក គិន ភាមានជំនឿថា ដំណើរទស្សនកិច្ចនៅក្រៅប្រទេស របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនឹងនាំមកនូវលទ្ធផល ផ្លែផ្កាជាវិជ្ជមានដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ។ លោកគូសបញ្ជាក់ទៀតថា “ខ្ញុំយល់ថា ដំណើរបំពេញបេសកកម្មនៅក្រៅប្រទេស របស់សម្តេចនាយករដ្ឋមន្រ្តីរបស់យើង គឺនឹងរុញធ្វើឲ្យកម្ពុជាកាន់តែ កិត្យានុភាពត្រដែតត្រដឹមឡើង ធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ ធ្វើឲ្យប្រវត្តិសាស្រ្តពិភពលោកចារឹក ឈ្មោះមេដឹកនាំរបស់យើង ប្រទេសរបស់យើងថា កម្ពុជាមានការផ្លាស់ប្តូរបន្តវេនការ ដឹកនាំដែលមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ (ផ្លាស់ប្តូរមេដឹកនាំដោយសន្តិវិធី)”។
មួយវិញទៀតលោកក៏មើលឃើញថា តួនាទីរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោកកាន់តែត្រូវបានពង្រីក និងមានសារៈទ្វេដង ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរជាលើកដំបូង ទៅកាន់ប្រទេសចិនជាមិត្តដែកថែបនោះ ក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជា ដែលឡើងកាន់តំណែងក្បែរ២ខែមកនេះ សម្តេច ហ៊ុន ម៉ាណែត បានរៀបរាប់នៅចំពោះកម្មករ កាលពីថ្ងៃ១៩ កញ្ញា ថា ពេលកំពុងស្នាក់នៅចិន សម្តេចបានជួបថ្នាក់ដឹកនាំកំពូលៗរបស់ចិន និងក្រុមអ្នកវិនិយោគផងដែរ ក្នុងគោលបំណងគៀងគរអ្នកវិយោគចិន មកឲ្យរកស៊ីនៅកម្ពុជាបន្ថែមទៀត ។ ក្នុងន័យនេះ សម្តេចថា អ្វីដែលធ្វើដើម្បីទាក់ម៉ូយមកកម្ពុជា ។ សម្រាប់ជំនួបជាកម្មករនៅពេលនោះដូចគ្នា សម្តេចក៏បានលើកឡើងទុកជាមុនថា ពេលទៅដល់អាមេរិក សម្តេចក៏នឹងជួបក្រុមអ្នកធុរកិច្ចផងដែរ ៕